រដ្ឋបាលខេត្តបន្ទាយមានជ័យ គ្រោងយកចម្លាក់សត្វតោទៅ រក្សាទុកក្នុងប្រសាទបន្ទាយឆ្មារវិញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៤ ០២ ២០២០៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ គ្រោងយកចម្លាក់សត្វតោក្នុងរចនាបថសម័យបាយ័ន សតវត្សរ៍ ទី១៣ ដែលក្រុមការងារជួសជុលកំពង់ទឹកបារាយ៍មេបុណ្យបន្ទាយឆ្មាររកឃើញ ទៅរក្សាទុក ក្នុងប្រសាទបន្ទាយឆ្មារ ដើម្បីទុកឲ្យភ្ញៀវទេសចរទស្សនាកម្សាន្ត ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័នសតវត្សរ៍ ទី១៣ ត្រូវបានប្រទះឃើញក្នុង កំឡុងពេលធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយ៍មេបុណ្យនៃប្រាសាទបន្ទាយឆ្មារ កាលពីថ្ងៃទី៣ ខែ កុម្ភៈ ហើយរដ្ឋបាលខេត្តគ្រោងយកចម្លាក់សត្វតោនោះទៅរក្សាទុកក្នុងប្រសាទបន្ទាយឆ្មារ ដើម្បីធ្វើការអភិរក្សនិងការពារទុកជាសម្បិត្តជាតិ ។
« កន្លងមកតោទាំងអស់ដែលរកឃើញកន្លងមកយើងបានរៀបចំ ទុកក្នុងប្រាសាទបន្ទាយឆ្មារដូចគ្នា គឺយើងរៀបចំយើងអត់យកទៅណាទេ យើងទុកដាក់កន្លែងចាស់វិញ ដែលពីមុនក្នុងប្រាសាទរៀបចំបែបណាយើងដាក់តាមបែបនិងវិញ ។ ប៉ុន្តែតោថ្មីនេះមិនដឹងយ៉ាងមិចចាំមើលក្រសួងវប្បធម៌គិតយ៉ាងមិច ព្រោះយើងមិនទាន់បានចំលើយពីក្រសួងវប្បធម៌ »។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវ ជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹក របស់បារាយ៍មេបុណ្យនៃប្រាសាទបន្ទាយឆ្មារ មុនពេលចាប់ផ្តើមជួសជុល ក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ បានរកឃើញចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តសតវត្សរ៍ទី១៣ កប់ក្នុងដីជម្រៅប្រហែលជាងមួយម៉ែត្រ ។
ឯកឧត្តមបន្តថា ដើម្បីការពារសុវត្ថិភាពចម្លាក់តោដែលទើបនឹងរកឃើញនេះ នាយកដ្ឋានបានសហការយ៉ាងជិតស្និទជាមួយនគរបាលបេតិកភណ្ឌប្រចាំការប្រាសាទបន្ទាយឆ្មារ ដោយចាត់កម្លាំងយាមកាមជាប្រចាំ ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីពិនិត្យឃើញ កំពង់ទឹកនេះទទួលរងនូវការខូចខាតស្ទើតែបាត់រូបរាងអស់ទៅហើយនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអនុញ្ញាតគោលការណ៍ឲ្យមន្ត្រីបច្ចេក ទេសនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ចំណុះឲ្យអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការអភិរក្សនិងជួសជុល ដើម្បីលើកតម្លៃសោភ័ណភាពនៃសំណង់កំពង់ទឹកមួយនេះឲ្យមានសោភ័ណភាពល្អឡើងវិញ ហើយការអភិរក្ស និងជួសជុលកំពង់ទឹកនេះ ទទួល បានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពីលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ៕