ហុងកុងប្រកាសពីករណីស្លាប់ដំបូងដោយសារវិរុសកូរ៉ូណាថ្មី បន្ទាប់ពីហ្វីលីពីន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ប្រព័ន្ធផ្សព្វផ្សាយទីក្រុងហុងកុងបានរាយការណ៍ថា បុរសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងហុងកុងដោយសារវីរុសកូរ៉ូណាថ្មី។នេះគឺជាករណីទី ២ ហើយ ដែលមានមនុស្សស្លាប់ដោយសារវីរុសថ្មីនេះក្រៅពីចិនដីគោក ដោយករណីស្លាប់ទី១កើតឡើងនៅប្រទេសហ្វីលីពីន។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Aisa នៅព្រឹកថ្ងៃ ទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២០។
តាមប្រភពពីអាជ្ញាធរសុខាភិបាលទីក្រុងហុងកុងបានឲ្យដឹងថា អ្នកជំងឺម្នាក់នោះជាបុរសវ័យ ៣៩ឆ្នាំ រស់នៅក្នុងតំបន់សួនវ៉ាមផាវ (Whampoa Garden) ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសផ្លូវដង្ហើម «កូរ៉ូណាប្រភេទថ្មី» ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងហុងកុង ពេលនេះត្រូវបានរាយការណ៍ថា បានស្លាប់ដោយសារជំងឺខ្សោយបេះដូងភ្លាមៗ។
សូមបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលរបស់ចិនបានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារនេះ មានមនុស្ស៦៤នាក់ទៀតបានស្លាប់ដោយវីរុសកូរ៉ូណាថ្មី ធ្វើឲ្យចំនួនអ្នកស្លាប់ទាំងអស់កើនឡើងដល់ចំនួន៤២៥នាក់ និង អ្នកឆ្លងនៅទូទាំងពិភពលោកកើនរហូតដល់២០៤៣៨ករណី៕ប្រភព៖សារព័ត៌មាន Channel News Asia