ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីបញ្ជាក់ជំហរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកវ៉ាងភក្តី

MC: ឯកឧត្តម ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក បានបញ្ជាក់ជម្រាបជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថា បេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។
ក្នុងឱកាសចូលជួបសម្តែងការជាមួយ សម្តេចពញាចក្រី ហេង សំរិន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាទ្រីក មើហ្វី បានវាយតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នកំពូលនេះ ជាតំណាងឲ្យប្រជាពលរដ្ឋ។ ឯកអគ្គរដ្ឋទូត បញ្ជាក់ថា កម្ពុជា និងសហរដ្ឋអាមេរិក មានចំណុចជាច្រើនក្នុងប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជាការចែងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទំាងបី ចែកដាច់ពីគ្នា។
ឯកឧត្តម ប៉ាទ្រីក មើហ្វី បានបន្តថា កម្ពុជានិងសហរដ្ឋអាមេរិក បានកសាងសមិទ្ធផលជាច្រើនជាមួយគ្នារួចមកហើយ។ នៅឆ្នាំ២០២០នេះ គឺជាឱកាសកាន់តែសំខាន់ទៀត ដែលប្រទេសទំាងពីរមានលទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទំាងពីរ។
សម្តេចពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានលើកឡើងថា បេសកកម្មការទូតរបស់ ឯកឧត្តម ប៉ាទ្រីក មើហ្វី ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរចំពោះវឌ្ឍនភាពទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរជាបន្តបន្ទាប់មកនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជាតិទាំងសងខាង។ រដ្ឋសភាកម្ពុជា សូមអបអរសាទរចំពោះការផ្លាស់ប្តូរសារលិខិតដ៏មានតម្លៃនិងមានអត្ថន័យដ៏ជ្រាលជ្រៅ រវាងលោកប្រធានាធិបតីអាមេរិក និងសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ៕