ប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា បើបញ្ចប់កិច្ចព្រមព្រៀងបញ្ជូនកម្មករទៅក្រៅប្រទេស អ្នកដែលជួបផលពិបាកគឺក្មួយៗពលករ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ទៅកាន់ក្រុមប្រឆាំងដែលរិះគន់ថា ចេះតែបញ្ចូនពលករទៅក្រៅប្រទេសដោយមិនស្វែងរក ការងារឱ្យពលករធ្វើ ដោយសម្ដេចបានលើកឡើងថា អាចបញ្ចប់វត្តមានពលករនៅក្រៅ​ប្រទេស​​ពេលណា​ក៏បាន ប៉ុន្តែមិនធ្វើនោះទេព្រោះអ្នកដែលពិបាកនោះគឺក្មួយៗពលករ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយពលករខ្មែរ សិស្ស និស្សិតនៅសាធារណរដ្ឋ​កូរ៉េ  នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “នៅពេល​ពូ​ខិតខំ​ធ្វើការប្រឹងប្រែងបញ្ចូនពលករធ្វើការនៅក្រៅប្រទេសដូចជា កូរ៉េ ជប៉ុន និងធ្វើឱ្យពល​ករ​​ស្របច្បាប់ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី និងខិតខំធ្វើការនៅមជ្ឈិមបូព៌ា​គេថាពូដឹកនាំ​ប្រទេស គិតដែលឱ្យខ្មែរតែធ្វើខ្ញុំគេ”។ សម្តេចតេជោក៏បានបង្ហាញតួលេខពលករ ខ្មែរធ្វើការ​នៅកូរ៉េ ទាំងធ្វើការស្របច្បាប់ ឬសហគមន៍តាមរបារកាណ៍​ដែលខាងទូតកូរ៉េ​ថា​ ពលករចិន​មានចំនួន១លាន ១សែននាក់ ថៃ២០ម៉ឺននាក់ ហ្វីលីពីន៧ម៉ឺន ៨ពាន់នាក់ ម៉ុងហ្គោលី៤ម៉ឺន​៥ពាន់នាក់ មីយ៉ាន់ម៉ា៣ម៉ឺន១ពាន់នាក់ បង់ក្លាដែស១ម៉ឺន៧ពាន់នាក់ វៀតណាម២២ម៉ឺននាក់ កូបេគីស្ថាន ៨ម៉ឺន ៣ពាន់នាក់ ឥណ្ឌូណេស៊ី៧ម៉ឺន ៣ពាន់នាក់ នេប៉ាល់៣ម៉ឺន៤ពាន់នាក់ ស្រីលង្កា ២ម៉ឺន៦ពាន់នាក់ ប៉ាគីស្ថាន១ម៉ឺន៣ពាន់នាក់។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានលើកឡើងពីពលករដែលដែលកាន់ប័ណ្ណការ ងារនៅក្នុងប្រទេសកូរ៉េមានដូចជា រៀតណាមមានចំនួន៣៦,៨៩៩នាក់ ថៃ២៥,៤៦២នាក់ កូបេគីស្ថាន១៣,៩៥២នាក់ ហ្វីលីពីន២៥,៣៦៥នាក់ ម៉ុងហ្គោលី៥,៨៤១នាក់ កម្ពុជា ៣៨,០០៦នាក់ ឥណ្ឌូណេស៊ី ២៨,២៥៩នាក់ នេប៉ាល់ ៣៥,៣២៥នាក់ មីយ៉ាន់ម៉ា ២៥,២៣១​នាក់ ស្រីលង្កា ២២,០៨៨នាក់ បង់ក្លាដែស១០,១៧៣នាក់។ សម្តេចតេជោបានបន្តថា ទោះបី​ជា​ថៃបានបញ្ជូនពលករទៅក្រៅប្រទេសច្រើនក្តី តែបានត្រូវការពលករពីកម្ពុជាប្រមាណ​១លាន​នាក់ មីយ៉ាន់ម៉ា២លាននាក់ ពីឡាវជាងកន្លះលាននាក់។ ទន្ទឹមនេះ តើហេតុអ្វីថៃ​បញ្ចូន​ពលករទៅក្រៅប្រទេស បើថៃត្រូវការពលករពីកម្ពុជា មីយ៉ាន់ម៉ា និងពីឡាវ។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា “អីញ្ចឹងអ្នកដែលចោទខ្ញុំថាដឹកនាំប្រទេសត្រឹមតែ​បញ្ចូនមនុស្សទៅធ្វើខ្ញុំគេ តើអ្នកចង់សាកទេខ្ញុំអាចធ្វើបានដើម្បីបញ្ចប់នូវវត្តមានពលករខ្មែរ នៅក្រៅប្រទេសអត់លំបាកទេ។ ម៉េចថាមិនពិបាកនោះគឺខ្ញុំសុំលុបកិច្ចព្រមព្រៀងឧទាហរណ៍៖ ជាមួយកូរ៉េ អំពីការបញ្ចូនពលករមកធ្វើនៅកូរ៉េ ហើយបញ្ជូនទៅកម្ពុជាវិញ។ ក៏ប៉ុន្តែបើធ្វើ​តាមក្រុមប្រឆាំងនេះ អ្វីដែលខូចខាតគឺក្មួយៗជាពលករតែម្តង។”

សម្ដេចតេជោបានថ្លែង​ទៀត​ថា បើតាមរបាយការណ៍របស់ឯកគ្គរាជទូតកម្ពុជាប្រចាំនៅ​សាធារណរដ្ឋ​កូរ៉េបានឱ្យដឹងថា ពលករនៅកូរ៉េបញ្ចូនប្រាក់ទៅស្រុកកំណើតក្នុងមួយឆ្នាំៗ​ប្រមាណជាង៤០០លានដុល្លារ។ សម្តេចតេជោបានបន្ថែមថា “ខ្ញុំអាចធ្វើបានជាមួយថៃ ក៏ខ្ញុំ​អាច​ធ្វើបាន ខ្ញុំលុបចោល ហើយសុំបញ្ជូនមកវិញ តែខ្ញុំមិនធ្វើ យើងបានខិតខំធ្វើ​ចំពោះអ្នក​មិនស្របច្បាប់ឱ្យស្របច្បាប់នៅថៃ និងនៅម៉ាឡេស៊ី”៕

ដោយ ប៊ុនរិទ្ធ