សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលកងវិស្វកម្ម លេខ៦៩៣ មកពីលីបង់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — កងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទលេខ៦៩៣ ចំនួន១៨៤នាក់ ដែលបានបញ្ចប់ បេសកម្មនៅសាធារណរដ្ឋលីបង់ បានប្រារព្ធពិធីទទូលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍មក ដល់កម្ពុជាវិញ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រីស្ថិតក្រោម អបិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ូលីន តាមេស៊ីស អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិ៍ការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន បាន មានប្រសាសន៍ឱ្យដឹងថា បេសកកម្មនៅសាធារណរដ្ឋលីបង់ ជាឆ្នាំទី១០ ហើយកងវិស្វកម្ម លេខ៦៩៣ គឺជាកងទី៩ ដែលបានចូលរួម អនុវត្តន៍បំពេញភារកិច្ចប្រកបដោយផ្លែផ្កាទទួល បានជោគជ័យដ៏ត្រចះត្រចង់ និងលទ្ធផលគួរជាទីមោទនៈ ដូចបណ្តាកងមុនៗដែរ។ កងវិស្វកម្មលេខ៦៩៣ ឈរជើងនៅភាគខាងកើត ក្នុងក្រុងម៉ាចាយ័ន (MARJAYOUN) នៃសាធារណរដ្ឋលីបង់ ដោយបានចូលរួមបំពេញភារកិច្ចបោសសំអាតមីន បម្រើការសាងសង់ និងជួសជុលបង្គោលព្រំដែនសន្តិភាព ( Blue Barrel) សាងសង់ និងជួសជុលមន្ទីរពេទ្យ សំណង់ប៉ុស្តិ៍ប៉ម ថ្នល់ របាំងការពារគ្រាប់ និងសំណង់ផ្សេងៗទៀតជូនដល់កងទ័ពមួកខៀវ មកពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់បេសកកម្ម ស្ថិតនៅតាមព្រំដែនរវាងប្រទេសលីបង់ ស៊ីរី និងអ៊ុស្រាអែល។ ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា និងគោរពវិន័យយ៉ាង ខ្ជាប់ខ្លួន ជាលទ្ធផលកងវិស្វកម្មកម្ពុជា ទទួលបាននូវការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ មន្ត្រី UNMAS និងបេសកកម្ម UNIFIL ទាំងមូលគួរជាទីមោទនៈ។ កម្ពុជាបន្តរក្សាបាន នូវប្រពៃណីល្អ ដោយបន្តជាប្រទេសមួយក្នុងចំណោម ១៤ប្រទេស ដែលមិនមានជាប់ពាក់ ព័ន្ធនឹងអំពើហិង្សា និងការកេងប្រវ័ញ្ចជួញដូរផ្លូវភេទ ដែលយើងដាច់ខាតប្តេជ្ញាបន្តរក្សា កេរ្តិ៍ឈ្មោះដ៏ល្អនេះ តទៅទៀតឱ្យខាងតែបាន។

លោកជំទាវ ប៉ូលីន តាមេស៊ីស អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការរក្សាសន្តិភាពរបស់ អ.ស.ប ជាការវិនិយោគដ៏សំខាន់មួយ ដើម្បី សន្តិសុខ និងសន្តិភាពពិភពលោក។ វាតម្រូវឱ្យមានការតាំងចិត្តដ៏រឹងមាំពីថ្នាក់អន្តរជាតិ។ កម្ពុជាធ្លាប់ជាប្រទេសដែលទទួលការ ជួយគាំទ្រពីអង្គការសហប្រជាជាតិ និងកម្លាំងរក្សា សន្តិភាព តាមរយៈបេសកកម្ម UNTAC ហើយបានក្លាយជាប្រទេសបរិច្ចាគ មួយក្នុងចំណោម ប្រទេសនាំមុខក្នុងសហគមន៍អាស៊ាន ដែលបរិច្ចាគកម្លាំងច្រើនជាងគេ។ នេះគឺជាជោគជ័យ ដ៏គួរឱ្យកត់សម្គាល់មួយ ហើយជោគជ័យដែលនឹងបន្តនាំ មកនូវការកើនឡើងនៃកិច្ចសហ ប្រតិបត្តិការ រវាងអាស៊ាន និងអ.ស.ប។

លោកជំទាវ ជឿជាក់ថា បទពិសោធន៍ និងការបរិច្ចាគជាច្រើនរបស់កម្ពុជា លើវិស័យ រក្សាសន្តិភាព និងការចូលរួមរបស់ស្ត្រី គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ យើងត្រូវការឱ្យមាន នារីកាន់តែច្រើន ដើម្បីជាស្នូលនៃការបង្កើតសន្តិភាពនិងសន្តិសុខ។

ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលជាតិ នាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ពិសេសបានស្វាគមន៍ចំពោះ​​កងវិស្វកម្ម លេខ៦៩៣ ដែលបានបញ្ចប់បេសកម្មមនុស្សធម៌ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅ សាធារណរដ្ឋលីបង់។

សម្តេចឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា នេះជាបេសកកម្មក្នុងការរួមវិភាគទាន ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក។

សម្តេច ទៀ បាញ់ បានថ្លែងថា ទោះបីនៅក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ ការបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានបញ្ហាប្រឈមដែល មិនធ្លាប់មានពីមុនក្តី ដូចជា ការវាយប្រហារ ពួនស្ទាក់បាញ់ បង្កៃគ្រាប់ផ្ទុះ ដាក់មីន ពីសំណាក់កងកម្លាំងប្រដាប់អាវុធ និងក្រុមឧទ្ទាមមកលើកងរក្សាសន្តិភាពកម្ពុជា បញ្ហាគ្រោះ មហន្តរាយ និងគ្រោះធម្មជាតិនានា បណ្តាលឱ្យស្លាប់បាត់បង់ជីវិត និងរបួសពិការមួយចំនួនក្តី​  ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ពុំបានកែប្រែនូវការប្តេជ្ញាចិត្តនិងឆន្ទៈរបស់ខ្លួននោះឡើយ ដោយបន្ត រួមចំណែករបស់កម្ពុជាក្នុងការជួយសង្គ្រោះប្រទេសដទៃឱ្យ ទទួលបានសន្តិភាព និងចាក ផុតទុក្ខវេទនានៃសង្គ្រាម និងការបំផ្លិចបំផ្លាញ។ ក្នុងរយ:ពេល ១៤ឆ្នាំនេះ កម្ពុជា បន្តទទួលបានស្នាដៃធំធេងជាបន្តបន្ទាប់ ដូចជា៖ ការដោះមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ការជីក អណ្តូងទឹកស្អាត ដោយកម្ពុជា បន្តដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន ក្នុងតំបន់បេសក កម្មដែលមានហានិភ័យខ្ពស់ ព្រមជាមួយនោះ ការវាយតម្លៃរបស់ អ.ស.ប កាលពីខែកញ្ញា ឆ្នាំ២០១៩ កម្ពុជាទទួល បានលំដាប់លេខ២៨ និងស្ត្រីលេខ២០ ក្នុងចំណោម ១២០ ប្រទេសបរិច្ចាគកម្លាំងចូលរួម បេសកកម្ម និងលំដាប់ថ្នាក់លេខ២ក្នុងបណ្តា សហគមន៍ អាស៊ាន ដែលបានបញ្ជូនយុទ្ធនារី ទៅកាន់តំបន់បេសកកម្ម។

សម្តេច ទៀ បាញ់ បានថ្លែងបន្តថា មកទល់នឹងពេលនេះ កម្ពុជាបានបញ្ជូនកម្លាំង សរុបចំនួន ៦៧៤១នាក់ ក្នុងនោះមាននារីចំនួន៣៦២នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុង ប្រទេសចំនួន៩ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្រិ្វកកណ្តាល, លីបង់, សាយប្រឹស, ស៊ីរី, ម៉ាលី, យេម៉ែន ដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប លើជំនាញ បោសសំអាតមីន វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលាន យន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេត ការណ៍យោធា។ បច្ចុប្បន្ន កំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន៦រួមមាន៖ សាធារណ រដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង, ម៉ាលី និងយេម៉ែន៕

ដោយ សំ សាម៉ន