រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកបូរី «ភូមិផ្កាត្រកួន» ដែលមានគំនិតឆ្នៃប្រឌិត លក្ខណៈ វប្បធម៌ ប្រពៃណី និងធម្មជាតិ ជាការរួមចំណែកលើកស្ទួយវិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី
MC៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកបូរី «ភូមិផ្កាត្រកួន» ដែលមានគំនិតឆ្នៃប្រឌិត លក្ខណៈ វប្បធម៌ ប្រពៃណី និងធម្មជាតិ ជាការរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ជាពិសេស រក្សាបាននូវរចនាបទផ្ទះខ្មែរ ជាមួយយុគសម័យទំនើប សម្រាប់ឲ្យប្រជាពលរដ្ឋ ទទួល អារម្មណ៍ស្រស់ស្រាយបែបធម្មជាតិ។
ថ្លែងក្នុងពិធីសម្ពោធ «ភូមិផ្កាត្រកួន» កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នាសណ្ឋាគារ Sofitel pokitra Phnom Penh ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានកោតសរសើរចំពោះគំនិតដ៏ល្អរបស់លោក ឌិន សុមេធារិទ្ធ ម្ចាស់ភូមិផ្កាត្រកួន និងដៃគូរ ដែលបានរៀបចំជា ភូមិផ្កាត្រកួននេះឡើង ដែលមានលក្ខណះបែបធម្មជាតិ មានបរិយាកាស ខ្យល់ល្អ ដែលជាទីកន្លែងសម្រាប់សម្រាកលំហែរកាយ ស្រឡះមុខមាត់ ព្រោះតំបន់នេះ មានលក្ខណះល្អ ជាប់បឹង និងព្រែកថែមទៀតផង។
តាមការបញ្ជាក់របស់លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិត្រកួត បានឲ្យដឹងថា «ការបង្កើត គម្រោងភូមិផ្កាត្រកួននេះ ក្នុងន័យដើម្បីផ្ដល់កន្លែងលេងកំសាន្ដ សម្រាប់លំហែអារម្មណ៍ បែប ធម្មជាតិមួយ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដែលមានទីតាំងស្ថិតក្នុងភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
លោកបានបញ្ជាក់ដែរថា ភូមិផ្កាត្រកួន មិនត្រឹមតែមានកន្លែងកំសាន្ដប៉ុណ្ណោះទេ តែក៏មានផ្សារលក់បន្លែ ធម្មជាតិ, ព្រមទាំងគ្រឿងសិល្បៈជាច្រើនមុខ, កន្លែងសម្រាប់ក្មេងលេង, សួនសត្វខ្នាតតូច, កន្លែង សម្រាប់ រៀបអាពាហ៍ពិពាហ៍ និងកន្លែងប្រជុំ ជាដើម។ ភូមិផ្កាត្រកួននេះ សាងសង់ឡើងលើ ផ្ទៃដីប្រមាណជាង១០០ហិកតា ដោយក្នុងនោះមានការសាងសង់លំនៅដ្ឋាន បែបបុរាណ សម្រាប់លក់ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសការសាងសង់ទីកន្លែងនេះ គឺចង់ឲ្យប្រជាជន មានអាយុវែង តាមរយះការមកសម្រាក លំហែរកាយនៅទីនេះ ស្រូបយកខ្យល់អាកាសល្អ បរិសុទ្ធ និងបរិយាកាសស្ងប់ស្ងាត់សប្បាយរីករាយ៕