ក្រសួងអប់រំ បានប្រកាសពង្រឹងការងារលើកកម្ពស់សុខភាពសិស្ស នៅតាមគ្រឹះស្ថានសិក្សា

វិទ្យុជាតិកម្ពុជា៖ ស្រីផល
MC៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី-ខេត្តទាំងអស់ ប្រឹងប្រែងលើកកម្ពស់សុខភាពសិស្ស នៅតាមគ្រិះស្ថានសិក្សា។
យោងតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា អំឡុងពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន និងនៅតាមបណ្តាខេត្ត បានពុលអាហារ មានអាការទន់ដៃ ទន់ជើង និងថប់អារម្មណ៍ ករណីខ្លះឈានទៅដល់ការដួលសន្លប់ ជាពិសេសសិស្សស្រី។ ករណីទាំងនេះ មន្ត្រីជំនាញសុខាភិបាលបានរកឃើញថា បណ្តាលមកពីការបរិភោគអាហារ មិនមានសុវត្ថិភាព និងសុខុមាលភាព កង្វះអាហារូបត្ថម្ភ ការសម្រាកមិនគ្រប់គ្រាន់ កាទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងកង្វះអនាម័យជាដើម។
ឆ្លើយតបទៅនឹងករណីទាំងនេះ ក្រសួងបានចេញសេចក្តីណែនាំជាច្រើន ក្នុងគោលបំណងចូលរួម លើកកម្ពស់សុខភាពរបស់សិស្ស ជាពិសេសការបង្ការជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងការថែទាំសុខភាព នៅតាមរដូវកាលនីមួយៗ ដោយគ្របដណ្តប់ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះ ក្រសួងបានសង្កេតឃើញថា គ្រឹះស្ថានសិក្សាភាគច្រើនបានអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំបានយ៉ាងល្អប្រសើរ។ ទោះជាយ៉ាងនេះក្តី ក៏នៅមានគ្រឹះស្ថានសិស្សមួយចំនួន មិនអនុវត្តបានគ្រប់ជ្រុងជ្រោយនៅឡើយ ជាហេតុធ្វើឱ្យសិស្សានុសិស្សមួយចំនួន ទទួលរងបញ្ហាសុខភាព និងនាំឱ្យប៉ះពាល់ដល់ការសិក្សាប្រចាំថ្ងៃ។
ដូច្នេះ ដើម្បីចូលរួមកាត់បន្ថយហានិភ័យសុខភាពរបស់សិស្ស ប្រធានមន្ទីរអប់រំ គ្រប់រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាពតាមគ្រឹះស្ថានសិក្សាដោយ ណែនាំ ស្តីពីការរក្សាសុខភាព និងការបង្ហារជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង នៅតាមគ្រឹះស្ថានសិក្សា,ការអនុវត្តវិធានការបង្ការជំងឺ និងគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានញឹកញាប់ក្នុងរដូវភ្លៀង នៅតាមគ្រឹះស្ថានសិក្សា,ការបង្ការ និងការពារជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន,ការការពារខ្លួនពីភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នារដូវភ្លៀង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន, បង្ការអាការទន់ដៃ ទន់ជើង និងការថប់អារម្មណ៍ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន,ពង្រឹងអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន,ការអនុវត្តវិធានការ បង្ហារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) តាមគ្រឹះស្ថានសិក្សាជារណៈ និងឯកជន។
ក្រសួងអប់រំ សង្ឃឹមយ៉ាងមុតមាំថា មន្ទីរអប់រំគ្រប់រាជធានី-ខេត្ត និងចូលរួមផ្សព្វផ្សាយការងារលើកកម្ពស់សុខភាពសិស្ស នៅតាមគ្រឹះស្ថានសិក្សា ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕