ប្រទេសចិនសាងសង់មន្ទីរពេទ្យថ្មីក្នុងរយៈពេលតែ ១០ ថ្ងៃប៉ុណ្ណោះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងវីរុសកូរ៉ូណា

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ប្រទេសចិនបានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នមួយ រួចរាល់ក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ គិតចាប់ផ្តើមពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី នៅទីក្រុងវូហាន ខេត្តហ៊ូប៉ីភាគកណ្តាលប្រទសចិន។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ ថ្ងៃ ទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០។

ការសាងសង់មន្ទីរពេទ្យថ្មីនេះត្រូវបានគេចាត់ទុកថា ជាបេសកកម្មមិនអាចធ្វើទៅបានទេ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងពីសំណាក់អ្នកជំនាញនិងកម្មកររាប់ពាន់នាក់ ទីបំផុតមន្ទីរពេទ្យឈ្មោះថា ហ៊ួរហ្សេនហ្សាន (Huoshenshan) ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរដើម្បីជួយដល់ការទទួលព្យាបាលអ្នកឆ្លងវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV) នៅថ្ងៃ ចន្ទនេះផងដែរ។
សូមបញ្ជក់ថា មន្ទីរពេទ្យ Huoshenshan ថ្មីនេះអាចទទួលអ្នកជម្ងឺសម្រាកព្យាបាលបានចំនួន ១០០០ គ្រែ មានគ្រូពេទ្យយោធាប្រមាណ១,៤០០នាក់រង់ចាំទទួលព្យាបាល ខណៈមន្ទីរពេទ្យបណ្តោះអាសន្នធំមួយទៀតឈ្មោះថា ឡៃសិនសាន (Leishenshan) ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅថ្ងៃពុធសប្ដាហ៍នេះផងដែរ៕
ប្រភព៖ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ