កូរ៉េខាងជើងពង្រឹងការត្រួតពិនិត្យលើអ្នកចូលមកពីការធ្វើដំណើរនៅក្រៅប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានពង្រឹងការត្រួត​ពិនិត្យ​អ្នកចូលមកពីបរទេស ដែលធ្វើជាផ្នែក​មួយ​នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការផ្ទុះ​ឡើងនៃវីរុសប្រភេទថ្មីនៅក្នុងប្រទេសនេះ។

តាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាង បាន​បង្កើន​​វិធានការណ៍ដើម្បីដាក់មនុស្សទាំងអស់ដែលមកពីការធ្វើដំណើរនៅក្រៅប្រទេស បន្ទាប់​ពីថ្ងៃទី ១៣ ខែមករា តាមរយៈការត្រួតពិនិត្យ នឹងការត្រួតពិនិត្យសុខភាពយ៉ាងហ្មត់ចត់។

KCNA បានបន្ថែមថា ក្រសួងសុខាភិបាលកូរ៉េខាងជើងកំពុងចាត់វិធានការឱ្យទាន់​ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

វាក៏បានកត់សម្គាល់ផងដែរថា អាជ្ញាធរសុខាភិបាលទីក្រុងព្យុងយ៉ាងកំពុងអំពាវនាវ​ឱ្យមាន​ការបង្កើនអនាម័យ និងវិធានការបង្ការផ្សេងទៀត ក្នុងជំនឿថា ​ការការពារគឺ ជា​គោល​នយោបាយល្អបំផុតនៅពេលដែលគ្មានវ៉ាក់សាំង ឬថ្នាំព្យាបាល។

វិធានការនេះ គឺជាវិធានការចុងក្រោយនៅក្នុងវិធានការណ៍ជាបន្តបន្ទាប់ ដែលទីក្រុង​ព្យុងយ៉ាងបានចាត់វិធានការប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺមានដូចជា ជំងឺរលាកសួតដែលមានដើមកំណើតនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនកាលពីខែធ្នូ។

ថ្មីៗនេះ កូរ៉េខាងជើងបានបិទផ្លូវអាកាស និងផ្លូវដែកទាំងអស់ឆ្លងកាត់ព្រំដែនរបស់ខ្លួន ជាមួយប្រទេសចិន ហើយបានសម្រេចចិត្តរក្សាជនបរទេសទាំងអស់ដែលមកប្រទេសនេះ តាម​រយៈប្រទេសចិនឱ្យដាច់ឆ្ងាយពីគេ​រហូតដល់មួយខែ ដើម្បីការពារការរីករាលដាលនៃវីរុស​ដ៏គ្រោះថ្នាក់នេះដល់ដីរបស់ខ្លួន។

កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើងបានប្រកាសពីការដាក់ប្រព័ន្ធសង្គ្រោះបន្ទាន់​ជាតិប្រឆាំងនឹងវីរុសថ្មី ដោយហៅកិច្ចខិតខំប្រឹងប្រែងបង្ការបែបនេះថា ជាបញ្ហានយោបាយ​ដែល​កំណត់ជោគវាសនារបស់ប្រទេស។

កូរ៉េខាងជើង មិនទាន់បានបញ្ជាក់ពីការផ្ទុះឡើងនៃមេរោគឆ្លងនៅឡើយទេ ទោះបីជា​វីរុសនេះបានរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀតក៏​ដោយ។ នៅប្រទេសចិនតែមួយ វីរុសនេះបានសម្លាប់មនុស្សចំនួន ៣៦១នាក់ នឹងបាន​ឆ្លងដល់មនុស្សប្រមាណ ១៧.០០០ នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ។

នៅក្នុងបទសម្ភាសន៍មួយ ដែលធ្វើឡើងដោយទូរទស្សន៍កណ្តាលកូរ៉េខាងជើងកាលពី​ថ្ងៃអាទិត្យមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ខណៈពេលដែលមិនមានរបាយការណ៍នៃ​ការ​ឆ្លងវីរុសថ្មីនេះ ប្រទេសគួរតែរក្សាការប្រុងប្រយ័ត្ន និងខិតខំការពារការផ្ទុះឡើងដែលអាច​កើតមាន៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)