ប្រទេសចិនបញ្ជាក់ករណីឆ្លងមេរោគកូរ៉ូណាវីរុសថ្មី ចំនួន ២.៨២៩នាក់ និងស្លាប់ ៥៧នាក់

AKP ភ្នំពេញ​ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ — នៅថ្ងៃចន្ទនេះ អាជ្ញាធរសុខាភិបាលចិនបាននិយាយថា ខ្លួនបានទទួលរបាយការណ៍នៃការឆ្លងថ្មីមេរោគកូរ៉ូណាវីរុសថ្មីចំនួន ២.៨២៩នាក់ និងស្លាប់ចំនួន ៥៧នាក់ កាលពីថ្ងៃអាទិត្យ ពី ៣១ខេត្ត និងតំបន់ផលិតកម្ម ស៊ីនជាំង និងសារជីវកម្មសំណង់។

យោងតាមគណៈកម្មការសុខភាពជាតិរបស់ចិនបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន ៥៦នាក់ នៅក្នុង ខេត្តហ៊ូប៉ី និងម្នាក់នៅភាគនិរតីប្រទេសចិនខេត្តឆុងឈីង។

គណៈកម្មការនេះបាននិយាយថា ករណីសង្ស័យថ្មីចំនួន ៥.១៧៣នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ។ ដូចគ្នានេះផងដែរ កាលពីថ្ងៃអាទិត្យ អ្នកជំងឺ ១៨៦នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយមនុស្ស ១៤៧នាក់ ត្រូវបានគេឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ។

គណៈកម្មការបាននិយាយថា ករណីដែលបានបញ្ជាក់ជាទូទៅនៅលើដែនដីគោកចិនដែលបានកើនឡើងដល់ ១៧.២០៥នាក់ កាលពីចុងថ្ងៃអាទិត្យនេះ ដោយកត់សម្គាល់ថា មនុស្សសរុបចំនួន ៣៦១នាក់បានស្លាប់ដោយសារជំងឺនេះ។

គណៈកម្មការនេះបាននិយាយបន្ថែមថា អ្នកជំងឺចំនួន ២.២៩៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្សចំនួន ២១.៥៥៨នាក់ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសនេះ។

មនុស្សសរុបចំនួន ៤៧៥នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។

គណៈកម្មការនេះបាននិយាយថា មនុស្សប្រមាណជិត ១៨៩.៥៨៣នាក់ ត្រូវបានគេតាមដាន ហើយក្នុងចំណោមពួកគេ មនុស្សចំនួន ១០.០៥៥នាក់ ត្រូវបានរំសាយចេញពីការឃ្លាំមើលផ្នែកវេជ្ជសាស្ត្រកាលពីថ្ងៃអាទិត្យ ដោយមានមនុស្ស ១៥២.៧០០នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការតាមដានពិនិត្យសុខភាព។

កាលពីចុងថ្ងៃអាទិត្យនេះ ករណីចំនួន ១៥នាក់ ត្រូវបានគេរាយការណ៍នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ៨នាក់នៅម៉ាកាវ និង ១០នាក់នៅតៃវ៉ាន់៕

(ប្រភព៖ Xinhua បកប្រែដោយលោក យា​ ចិន្តាខន្តី)