សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក នៃអង្គការសហព័ន្ធសន្តិភាពសកលនៅកូរ៉េខាងត្បូង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
អញ្ជើញអមដំណើរសម្តេចតេជោ ចេញទៅប្រ ទេសកូរ៉េនេះ  រួមមាន ឯ.ឧឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិប ត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយ ចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់ នៅប្រទេសកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយ ករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយឯ.ឧ មូន ចេ អ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយឯ.ឧ ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។
ក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះ សម្តេចតេ ជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី «សន្តិ ភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយ នឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូល រួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល។
នៅក្នុងដំណើរអញ្ជើញទៅប្រទេសកូរ៉េនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះ សំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិ ត និងពលករកម្ពុជា ដែលកំពុងរស់នៅនិងធ្វើកា រនៅកូរ៉េខាងត្បូងផងដែរ។
សូមបញ្ជាក់ថា អង្គការ UPF ជាបណ្តាញអន្តរ ជាតិ-អន្តរសាសនានៃក្រុមបុគ្គលក៏ដូចជាស្ថាប័ន រួមមានអ្នកតំណាងមកពីសាសនាផ្សេងៗ មកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំង ឡាយ ដែលមានគោលដៅខិតខំប្រឹងប្រែងកសា ងសន្តិភាពសម្រាប់ពិភពលោក៕