សម្តេចតេជោ ហ៊ុន សែនអញ្ជើញបើកសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី៥

នៅព្រឹកថ្ងៃទី០១ខែកុម្ភះឆ្នាំ២០២០នេះ គណបក្សប្រជាជនកម្ពុជាបានបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ រយះពេលពីរថ្ងៃ(ថ្ងៃទី០១ -០២ ខែកុម្ភៈឆ្នាំ២០២០) ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ នេះ មានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ប្រធានគណបក្សប្រជាជនកម្ពុជានិងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀតសរុបជាង៣.៤០០នាក់ ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានមានប្រសាសន៍នៅក្នុងឱកាសបើកសន្និបាតថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល នឹងដាក់ជូនចំពោះសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤២នីតិកាលទី ៥ អំពីរបាយការណ៍ដែលបានអនុវត្តភារកិច្ចកន្លងទៅ និងដាក់ជូនអំពីទិសដៅសម្រាប់ភារកិច្ចបន្តពីគណៈកម្មាធិការកណ្ដាល ។
បើតាមរបាយការណ៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ជាងមួយឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម បានដឹកនាំប្រទេសសម្រេចបានសមិទ្ធផលថ្មីៗធំធេងថែមទៀត ដែលមានជាអាទិ៍គឺ : ខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី និង ដំណើរការកំណើន សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ, ដំណើរការកែទម្រង់រដ្ឋស៊ីជម្រៅនិងទូលំទូលាយត្រូវបានជំរុញអនុវត្តន៍ដោយឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព, កំណើនសេដ្ឋកិច្ចឆ្នាំ២០១៩ ប៉ាន់ប្រមាណ៧,១% រួមនឹងការបែងចែកផ្លែផ្កានៃកំណើនដោយសមធម៌ក្នុងក្របខណ្ឌសង្គមទាំងមូល ដែលធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង ហើយក្នុងនោះគោលនយោបាយជាតិគាំពារសង្គមត្រូវបានជំរុញខ្លាំង ដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ ម្យ៉ាងទៀតការកើនឡើងនូវជីវភាពទាំងខាងសម្ភារៈ និងទាំងស្មារតីរបស់ប្រជាជន បានបង្កលក្ខណៈឱ្យប្រជាជននៅទូទាំងប្រទេស ព្រមទាំងជនជាតិកម្ពុជារស់នៅបរទេសច្រើនកុះករបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លានៅក្នុងកម្មវិធីបុណ្យជាតិ និងបុណ្យអន្តរជាតិធំៗប្រកបដោយក្តីសប្បាយរីករាយជាទីបំផុត។ លើសពីនេះ ក៏នៅមានការចូលរួមក្នុងពិធីជួបជុំហូបនំបញ្ចុក អកអំបុក និងអរគុណសន្តិភាពនៅទូទាំងប្រទេស ដើម្បីពង្រឹងការសាមគ្គី ឯកភាពជាតិ និងដើម្បីថែរក្សាជាតិ សាសនាព្រះមហាក្សត្រ និង សន្តិភាពនៅកម្ពុជាឱ្យឋិតថេរគង់វង្សជារៀងរហូត៕