ក្រសួងទេសចរណ៍ បានប្រកាសការពង្រឹងគុណភាពសេវាកម្មអាជីវកម្មឧស្សាហកម្មទេសចរណ៍ សម្រាប់ពិធីបុណ្យទន្លេលើកទី០៦ នៅក្រុងបាត់ដំបង

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី
MC៖ ក្រសួងទេសចរណ៍ បានប្រកាសការពង្រឹងគុណភាពសេវាកម្មអាជីវកម្មឧស្សាហកម្មទេសចរណ៍ សម្រាប់ពិធីបុណ្យទន្លេលើកទី០៦ នៅក្រុងបាត់ដំបង ដើម្បីធានានូវសុខុមាល និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រកបដោយភាពសប្បាយរីករាយ ។

យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ បានអោយដឹងថា ដើម្បីអបអរពិធីបុណ្យទន្លេលើកទី០៦ ក្រសួងបានពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងគោលដៅធានានូវសុខុមាលភាព និងភាពពេញចិត្តជូនភ្ញៀវទេសចរ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យទន្លេលើកទី០៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាពេលខាងមុខនេះ ប្រតិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវអនុវត្តតាមការណែនាំដូចជា ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យ ដោយគ្រប់ទីតាំងអាជីវកម្មទាំងអស់ត្រូវរៀបចំតុបតែងលម្អ និងបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណ៏ជាតិខ្មែរ នឹងមានបំពាក់ភ្លើងបំភ្លឺទៅពេលយប់ តែមិនត្រូវបង្គការប៉ះពាល់ ដោយរូបភាពណាមួយដល់សណ្តាប់ធ្នាប់សាធារណៈ ។ គុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច ត្រួវអនុវត្តតាមគោលការណ៍ណែនាំស្តីពី បដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍។ បញ្ជីរាយនាមសេវាកម្ម អនុវត្តតាមស្មារតីប្រកាស ស្តីពី កាតព្វកិច្ចបង្កើត ប្រើប្រាស់និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍ ត្រូវមានដាក់តាំងបង្ហាញបញ្ជីរាយនាម សេវាកម្ម ទៅបរិវេណខាងមុខអាជីវកម្ម ឬនៅកន្លែងទទួលភ្ញៀវ បញ្ជីរាយនាមសេវាកម្ម ត្រូវសរសេរជា ០៣ភាសា រួមមានភាសាខ្មែរ ភាសារអង់គ្លេស និងភាសាទីបីណាមួយ។ ការគ្រប់គ្រងសំណល់ បង្គន់អនាម័យត្រួវអនុវត្តតាមស្តង់ដាបង្គន់សាធារណៈកម្ពុជា, ការដឹកជញ្ជូនភ្ញៀវទេសចរ ស្របតាមស្តង់ដាអប្បបរមាសម្រាប់រមណីយដ្ឋានទេសចរណ៍ និងតម្លៃសេវាកម្ម ។ បង្គន់អនាម័យ ត្រូវអនុវត្តតាមស្តង់ដាបង្គន់សាធារណៈកម្ពុជា អោយបាននូវអនាម័យជាប់ជាប្រចាំ ដែលយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ និងមានការបែងចែករវាងបង្គន់អនាម័យសម្រាប់ប្រុស និងស្រី និងមានដាក់សាប៊ូលាងដៃ។ ការដឹកជញ្ជូនភ្ញៀវទេសចរ ត្រូវអនុវត្តតាមស្តង់ដាអប្បបរមាកាណូតទេសចរណ៍កម្ពុជាមិនត្រូវធ្វើការដឹកជញ្ជូនភ្ញៀវទេសចរ លើសពីចំណុះដែលបានកំណត់ យកចិត្តទុកដាក់រក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ និងត្រូវរក្សាពេលវេលានៃការចេញដំណើរឱ្យបានទៀងទាត់ដូចថ្ងៃធម្មតា។ ការណែនាំបន្ថែមចំពោះរមណីយដ្ឋានទេសចរណ៍ ត្រូងអនុវត្តតាមស្តង់ដាអប្បបរមាសម្រាប់រមណីយដ្ឋានទេសចរណ៍ មានបំពាក់ស្លាកសញ្ញាសម្គាល់នៅរាល់កន្លែងកម្សាន្ត ឬកន្លែងផ្តល់សេវាកម្ម ផ្សេងៗដែលស្ថិតនៅក្នុងរមណ៏យដ្ឋានទេសចរណ៍។ ចំពោះតម្លៃសេវាកម្ម ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ ត្រូវរក្សាគុណតម្លៃសេវាកម្មរបស់ខ្លួនទាំងគុណភាពនិងបរិមាណផលិតផលមិនត្រូវតម្កើងតម្លៃផលិតផលសេវាកម្មរបស់ខ្លួនហួសហេតុ ឬ ដោយពុំមានហេតុផលច្បាស់លាស់ នោះឡើយ។
ក្រសួងទេសចរណ៍ សង្ឃឹមយ៉ាងមុតមាំថាគ្រប់ប្រតិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសារាចរណែនាំនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕