ក្រសួងព័ត៌មានគ្រោងស្នើថវិការដ្ឋប្រមាណ២០០លានដុល្លារ ដើម្បីពង្រីកអនុភាពកម្លាំងផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

ភ្នំពេញ៖  ក្រសួងព័ត៌មានគ្រោងស្នើថវិការដ្ឋប្រមាណ២០០លានដុល្លារ ដើម្បីពង្រីកអនុភាពកម្លាំងផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ខណៈទូរទស្សន៍របស់រដ្ឋមួយនេះ បានផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូក មកជាប្រព័ន្ធឌីជីថលកម្រិតខ្ពស់។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា គម្រោងថវិកាទាំងនេះ នឹងយកទៅចំណាយសម្រាប់ការតម្លើងអង់តែនបម្រើឲ្យការផ្សាររបស់ទូរទស្សន៍ជាតិកម្ពុជាចំនួន២៨ចំណុច នៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះនៅរាជធានីភ្នំពេញគ្រោងលើកដល់កម្ពស់១៧០ម៉ែត្រ សម្រាប់ការផ្សាយក្នុងរង្វង់៧០ទៅ៨០គីឡូម៉ែត្រជុំវិញ និងបន្តបន្ទាប់ទៅកាន់ខេត្ត ស្វាយរៀង កំពង់ចាម កំពង់ធំ ជាដើម។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពនៃពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន ស្តីពីការផលិត និងដាក់បញ្ចាំងរឿងភាគខ្មែរ-បរទេស របស់ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា ទូរទស្សន៍ឯកជន ក៏អាចស្នើសុំភ្ជាប់កម្លាំងនៃការផ្សាយរបស់ខ្លួននៅលើអង់តែនរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលគ្រោងនឹងតម្លើងនៅពេលខាងមុខនេះបានផងដែរ។

ឯកឧត្តម បានបន្តថា ការផ្សាររបស់ទូរទស្សន៍ជាតិកម្ពុជា លើប្រព័ន្ធឌីជីថលកម្រិតខ្ពស់នាពេលអនាគត នឹងត្រូវបំបែកចេញជា៣ប៉ុស្តិ៍(Chanel) ដោយមានប៉ុស្តិ៍សម្រាប់ផ្សាយព័ត៌មានយោបាយ ប៉ុស្តិ៍សម្រាប់ផ្សាយកម្មវិធីកម្សាន្ត និងប៉ុស្តិ៍សម្រាប់ផ្សាយកម្មវិធីអប់រំ ខណៈបច្ចុប្បន្ន ទូរទស្សន៍របស់រដ្ឋមួយនេះអាចផ្សាយដោយគ្របដណ្តប់បានរហូតដល់១០០ប្រទេស។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ទូរទស្សន៍ជាតិកម្ពុជា បាននឹងកំពុងខិតខំអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាទូរទស្សន៍នាំមុខគេមួយនៅកម្ពុជា ដើម្បីបម្រើសេចក្តី្តត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជាមហាជននៅក្រៅប្រទេស តាមរយៈបានធ្វើការផ្លាស់ប្តូរបច្ចេកវិទ្យាទាំងការផលិត និងការផ្សាយពីប្រព័ន្ធអាណាឡូកអេសឌី(SD) មកជាប្រព័ន្ធឌីជីថលកម្រិតខ្ពស់(Full HD)