យន្តហោះជម្លៀសជនជាតិកូរ៉េខាងត្បូងជាលើកដំបូង ដែលមានមនុស្ស៣៦៧ នាក់ នៅលើយន្តហោះ ​មកពីទីក្រុងវ៉ូហានដែលរងការវាយប្រហារដោយវីរុស

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ — យន្តហោះជម្លៀសដំបូងបង្អស់ដែលដឹកប្រជាជនកូរ៉េខាងត្បូងចំនួន ៣៦៧នាក់ មកពី​ទីក្រុងវ៉ូហាន ប្រទេសចិន​ ដែលរងការវាយប្រហារដោយវីរ៉ុសកូរ៉ូណា​បានមកដល់ទីក្រុង​សេអ៊ូល​នៅថ្ងៃសុក្រ​នេះ​ ចំពេលមានការកើនឡើងនៃការភ័យខ្លាច ចំពោះការរីករាលដាល​យ៉ាង​ឆាប់រហ័ស​នៃវីរុសបណ្តាលឱ្យស្លាប់មនុស្ស ដែលនាំឱ្យទីភ្នាក់ងារសុខាភិបាល អ.ស.ប ប្រកាសថា វាជាអាសន្នសុខភាពសាធារណៈសកល។

យន្តហោះដឹកអ្នកដំណើរប្រហែលពាក់កណ្តាលនៃជនជាតិកូរ៉េខាងត្បូងក្នុងចំនួន៧២០ ​នាក់ ដែលបានដាក់ពាក្យសុំការជម្លៀស បានចុះចតនៅព្រលានយន្តហោះអន្តរជាតិហ្គីប៉ូ នៅ​ភាគខាងលិចទីក្រុង សេអ៊ូលនៅម៉ោងប្រមាណ ៨:00ព្រឹក។ កូរ៉េខាងត្បូងចង់បញ្ជូនយន្តហោះ​មួយ គ្រឿងទៀតដើម្បីនាំពលរដ្ឋដែលនៅសេសសល់ទៅមាតុប្រទេសវិញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មនុស្សសរុបចំនួន ៣៦៨នាក់ ត្រូវបានគេ​ស្មានថា ​នៅលើ យន្តហោះ ប៉ុន្តែមនុស្សម្នាក់ត្រូវបានគេដកចេញនៅនាទីចុង ក្រោយបន្ទាប់ពីត្រូវបាន​រកឃើញថា មានគ្រុនក្តៅ។

ប្រជាជនដែលត្រូវបានជម្លៀសចេញ ត្រូវបានគេពិនិត្យសុខភាពបន្ថែមនៅឯអាកាស​យានដ្ឋាន និងត្រូវដាក់ឱ្យនៅដាច់ឆ្ងាយពីគេ រយៈពេល ១៤ថ្ងៃ នៅតាមទីសាធារណៈខេត្ត​ចំនួន ២ ប្រសិនបើពួកគេមិនមានរោគសញ្ញា។ អ្នកដែលសង្ស័យថា មានការឆ្លង នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាល។

មន្រ្តីទីក្រុងសេអ៊ូលបាននិយាយថា មុនពេលឡើងយន្តហោះកូរ៉េ Air Boeing 747 នៅអាកាសយានដ្ឋានអន្តរជាតិ Wuhan Tianhe ដោយអ្នកដំណើរបានឆ្លងកាត់ការត្រួតពិនិត្យ​ដាច់ដោយឡែកពីគ្នាដែលចំណាយពេលយូរជាងការរំពឹងទុក និងបណ្តាលឱ្យមានការ​ពន្យារ​ពេលក្នុងការចាកចេញរបស់ពួកគេ៕

(ប្រភព  Yonhab  បកប្រែដោយលោក មាស សំអុល)