រដ្ឋមន្ដ្រីការបរទេស អះអាងថា ឆ្នាំ២០១៩ ជាឆ្នាំដែលធ្វើការតស៊ូយ៉ាងសកម្ម និងស្វិតស្វាញនៅលើសមរភូមិការទូត និងសារធារណៈមតិ

វិទ្យុជាតិកម្ពុជា៖លោក អាត ចន្ធូ
MC៖ ប្រមុខការទូតកម្ពុជា អះអាងថាឆ្នាំ២០១៩ ជាឆ្នាំដែលធ្វើការតស៊ូយ៉ាងសកម្ម និងស្វិតស្វាញនៅលើសមរភូមិការទូត និងសារធារណៈមតិ ដើម្បីការពារយុត្តិធម៌ ការពារឯករាជ្យ និងអធិបតេយ្យជាតិ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩និង ទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិនិងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ គឺជាឆ្នាំដែលយើងបានធ្វើការតស៊ូយ៉ាងសកម្ម និងស្វិតស្វាញនៅលើសមរភូមិការទូត និងសារធារណៈមតិ ដើម្បីការពារយុត្តិធម៌ ការពារឯករាជ្យ និងអធិបតេយ្យជាតិ ការពារសិទ្ធិស្វ័យសម្រេច រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម។
ឯកឧត្តម បន្តថា ក្រសួងការបរទេសបានប្រកាន់ខ្ជាប់នូវគោលនយោបាយអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពគ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសទាំងអស់ លើពិភពលោក។
ឯកឧត្តម រដ្ឋមន្ដ្រីបានឲ្យដឹងទៀតថា ទិសស្លោក «កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តនៅក្រៅ ឈរលើស្មារតីឯករាជ្យជាតិ» ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនោះ ពិតជាសមស្របបំផុតទៅនឹងការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បញ្ជាក់ថាមកដល់ពេលនេះ កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។ យើងបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូតយើងនៅក្រុងសូហ្វីយ៉ា និងបែលក្រាដ ព្រមទាំងបើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ។ជាមួយគ្នានេះ ក្រសួងបានបង្កើត កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីចំនួន៨បន្ថែមទៀត។
ឯកឧត្តម បន្ថែមទៀតថា កម្ពុជាក៏បានបំពេញតួនាទីជាអនុប្រធានមហាសន្និបាត អ.ស.ប. ជាសមាជិក ECOSOC និងអង្គការអន្តរជាតិមួយចំនួនទៀត បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិសំខាន់ៗ និងទទួលមេដឹកនាំបរទេសជាច្រើន ចូលរួមវេទិការធំៗ និងបំពេញទស្សនកិច្ចនៅប្រទេសជាមិត្ត ក្នុងនោះមានមិត្តចាស់នៅអឺរ៉ុបមួយចំនួនផង។ ស្ថានទូត ស្ថានអគ្គកុងស៊ុលយើងក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ ផលប្រយោជន៍ពលរដ្ឋខ្មែរ ដែលរស់នៅ ធ្វើការ និងរៀនសូត្រនៅបរទេស ជួយដោះស្រាយបញ្ហាជូនពួកគាត់គ្រប់ពេលវេលា៕