អាជ្ញាធរស្រុកបន្ទាយស្រីនៃខេត្តសៀមរាបបន្តអនុវត្តយុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលទី២

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប បន្តអនុវត្តយុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលទី២ បន្ទាប់ពីបញ្ចប់ដំណាក់កាលសាកល្បងនៅក្នុងភូមិព្រះដាក់ ទទួលបានជោគជ័យ១០០ភាគរយហើយ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ថា យុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលទី២នេះ គ្រោងរៀបចំធ្វើឡើងនៅទូទាំងឃុំរំចេក ដែលមានចំនួន៣ភូមិ និងមានផ្ទះប្រជាពលរដ្ឋចំនួនជាង៧០០ខ្នង ដោយក្នុងមួយផ្ទះទទួលបានអំពូលសូឡាស្វ័យប្រវត្តិដើរដោយថាមពលពន្លឺព្រះអាទិត្យ ជាមួយការធានាគុណភាពរយៈពេល២ឆ្នាំ រួមទំាងមានបង្គោលដែក និងការតម្លើងចាក់ស៊ីម៉ង់ត៍ ជូនដល់ផ្ទះនីមួយៗ ។
លោកបានបន្តថា រដ្ឋបាលស្រុក បានសហការជាមួយវត្តមួយនៅក្នុងឃុំ ដើម្បីបង្កើតជាបុណ្យផ្កានៅថ្ងៃទី០៩ ខែកុម្ភៈខាងមុខ ក្នុងគោលបំណងចូលរួមប្រមូលថវិកាសំរាប់ទិញអំពូលបន្ថែមដាក់នៅឃុំបន្តបន្ទាប់ សំដៅធ្វើឲ្យភូមិដ្ឋានមានភ្លើងបំភ្លឺនៅតាមមុខផ្ទះនាពេលរាត្រី ដែលបង្កើនសុវត្ថិភាពក្នុងភូមិ ។
សំឡេង ៖ «ជំហានបន្ទាប់នេះគឺយើងមានផែនការដែលយើងគ្រោងនឹងយកមកធ្វើនេះគឺឃុំរំចេក ក្នុងនោះយើងគ្រោងធ្វើជាបុណ្យផ្កាមួយ ដែលក្នុងនោះគឺព្រះចៅអធិការវត្តទេវៈ គាត់ជាអ្នកចេញមុខជួយរ៉ាប់រងក្នុងការធ្វើបុណ្យផ្កានេះ ហើយបុណ្យនេះនឹងរៃអង្គាសយកថវិកាទាំងអស់ ដែលប្រមូលពីបានសប្បុរសជនទាំងអស់នេះ យកទៅជូនវត្តទេវៈ ហើយវត្តទេវៈ គាត់នឹងធ្វើការប្រគល់ជូនមកឃុំរំចេក ដើម្បីយកទិញអំពូល បំពាក់។ ចឹងយើងរៀបចំបុណ្យផ្កានេះ ដើម្បីឲ្យអ្នកស្រុកទាំងអស់ចូលរួម ទោះបីចូល១ដុល្លារក៏ដោយ ក៏វាជាការចូលរួមដែរ »។
លោកអភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការឧបត្ថម្ភទៅតាមលទ្ធភាព ដូចជាការផ្តល់ជូនជាអំពូលទៅដល់ផ្ទះជិតខាង ឬក៏អាចទិញដាក់ផ្ទះដោយរៀងៗខ្លួន និងចូលរូមថែរក្សាឲ្យបានយូរអង្វែង ដើម្បីចូលរួមអនុវត្តយុទ្ធនាការនេះ ដែលនឹងពង្រីកយុទ្ធនាការនេះ ឲ្យបានទូទំាងស្រុកនៅក្នុងឆ្នាំ២០២០នេះ ដែលមានផ្ទះសរុបចំនួនប្រហែល ១ម៉ឺនខ្នង៕