សម្តេចតេជោ ប្រកាសសារជាថ្មីថា មិនយកអធិបតេយ្យភាពជាតិកម្ពុជាទៅប្តូរជាមួយនឹងជំនួយណាមួយរបស់បរទេសនោះឡើយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ សម្តេចតេជោ ប្រកាសជាថ្មីម្តងទៀតថា មិនយកអធិបតេយ្យភាពជាតិកម្ពុជាទៅប្តូរជាមួយនឹងជំនួយណាមួយរបស់បរទេសនោះឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យនិងអធិបតេយ្យជាតិ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនធ្វើតាមការចង់បានរបស់បរទេសណាមួយឡើយ ដើម្បីតែការផ្លាស់ប្តូរក្នុងការដោះដូរជាមួយការអនុគ្រោះពន្ធរឺជំនួយនោះឡើយ ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នាចុងឆ្នាំ២០២០ ព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាពជាតិ ទោះស្ថិតក្នុងកាលៈទេសៈនិងស្ថានភាពណាក៏ដោយ។ សម្តេចតេជោ បន្ថែមថា ការប៉ុនប៉ងណាដែលធ្វើឲ្យកម្ពុជាឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យនិងនីតិររដ្ឋ ដោយដាក់បង្ខំឲ្យកម្ពុជាធ្វើតាមអ្វីដែលគេចង់បាននោះ កម្ពុជាមិនអាចអនុវត្តដាច់ខាត ។ សម្តេចតេជោ អះអាងថា សម្តេចមិនធ្វើតាមការចង់បានរបស់បរទេសណាមួយនោះឡើយ អ្វីដែលសម្តេចចង់បានគឺ ដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរជាធំ ។
សំលេង « ដូច្នេះខ្ញុំនៅតែបន្តនិយាយថា មិនត្រូវឲ្យនរណាមកដឹកច្រមុះរបស់យើង ហើយក៏មិនត្រូវយកអធិបតេយ្យជាតិរបស់យើងទៅដោះដូរជាមួយការអនុគ្រោះរឺជំនួយណាទាំងអស់ ។ គ្មានតម្លៃទេ ពិតជាគ្មានតម្លៃ ហើយវាថោកទាបផង ។ ប្រសិនបើច្បាប់របស់យើងមិនអាចអនុវត្តបាន ហើយតម្រូវឲ្យធ្វើទៅតាម ការបង្ខិតបង្ខំរបស់អ្នកដ៏ទៃ តើយើងជាប្រទេសមានឯករាជ្យនិងអធិបតេ យ្យទេ? ជំនាន់មុននេះការហ៊ុព័ទ្ធសេដ្ឋកិច្ចមានគ្រប់ទិស នៅសល់តែសហភាពសូវៀតនិងអឺរ៉ុបខាងកើត ដែលហៅថាកូនមេគង្គនោះ បូកជាមួយវៀតណាម ឡាវនិងឥណ្ឌាតែប៉ុនោះ ដែលផ្តល់នូវការគាំទ្រសម្រាប់កម្ពុជារស់រានមានជីវិត ។ ឥលូវនេះយើងមានមិត្តភ័ក្រដៃគូច្រើនដែលរកស៊ីជាមួយគ្នា យើងបន្តទៅទៀត » ៕