អង្គការសម្ព័ន្ធមិត្តសត្វព្រៃអំពាវនាវឲ្យបញ្ឈប់ការជួញដូរសត្វព្រៃនៅកម្ពុជា តបទៅនឹងការរាតត្បាតនៃវីរុសកូរ៉ូណា

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី

MC: អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលជាអង្គការមិនមែនរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពរលដ្ឋកម្ពុជានាំគ្នាគាំទ្រគោរពច្បាប់ ហើយឈប់បរិភោគសាច់សត្វព្រៃ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណា ដ៏កាចសាហាវ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ បានលើកឡើងថា វីរុសកូរ៉ូណា ត្រូវបានគេដាមដានរកប្រភពចេញពីការបរិភោគសាច់សត្វព្រៃ និងត្រូវបានគេជឿជាក់ច្បាប់ថា ពិតជាមានប្រភពចេញពីផ្សារលក់សាច់សត្វព្រៃ នៅទីក្រុងវូហាន ប្រទេសចិន។ វីរុសនេះបានឆ្លងទៅមនុស្សជាង៧.៧០០នាក់ ក្នុង១៨ប្រទេស ទូទាំងពិភពលោក ហើយឥឡូវបានឆ្លងមកដល់ប្រទេសកម្ពុជាហើយនៅសប្តាហ៍នេះ។
កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា ការបរិភោគសាច់សត្វព្រៃត្រូវបានគេកំណត់អត្ដសញ្ញាណបានថា គឺជាមូលហេតុនៃការឆ្លងវីរុសកូរ៉ូណា ហើយការបរិភោគសាច់សត្វព្រៃក៏ជាដើមហេតុនៃជំងឺសារ (SARS) និងជំងឺអ៊ីបូឡា (Ebola) ដ៏កាចសាហាវ ។ អ្នកជំនាញរូបនេះ អំពាវនាវដល់សាធារណជនទាំងអស់ឈប់បរិភោគ និងឈប់ជួញដូរសត្វព្រៃ។ ទោះជាសត្វព្រៃនោះស្លាប់ ឬរស់ក៏ដោយ សត្វព្រៃអាចបង្កើនជាហានិភ័យនៃការឆ្លងជំងឺថ្មីបាន ។ «សូមឈប់បរបាញ់សត្វព្រៃដើម្បីជាជ័យលាភី និងសូមឈប់បញ្ជារទិញសាច់សត្វព្រៃដើម្បីបរិភោគនៅថ្ងៃឈប់សម្រាករបស់លោក-អ្នកទៀតទៅ។ សូមឈប់បរិភោគសាច់ជ្រូកព្រៃ សាច់ក្តាន់ និងសាច់សត្វពង្រូលផងដែរ ។ គ្រប់ប្រភេទសាច់សត្វព្រៃទាំងអស់នេះ គឺជាភ្លើងក្រហមដែលជាសញ្ញាគ្រោះថ្នាក់មួយប៉ះពាល់ដល់សុខភាពបរិភោគ ។ ដរាបណាការជួញដូរសត្វព្រៃនៅកម្ពុជានៅតែបន្ត ហានិភ័យចំពោះសុខភាពប្រជាជនកម្ពុជានៅតែបន្តដូចគ្នា»។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ជាមួយក្រុមប៉ូលីសសត្វព្រៃ ដែលតែងតែចុះត្រួតពិនិត្យគ្រប់ហាង និងភោជនីយដ្ឋាននានា ព្រមទាំងធ្វើការឃាត់ខ្លួនអ្នករត់ពន្ធជូញដូរសត្វព្រៃទៅប្រទេសវៀតណាម និងប្រទេសចិន។ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ត្រូវបានគេទទួលស្គាល់ថាជាអង្គភាពអនុវត្តច្បាប់សត្វព្រៃដ៏ល្អជាងគេបំផុតនៅអាស៊ី។
តាំងពីឆ្នាំ២០០១មក អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសង្គ្រោះសត្វព្រៃរស់បានជាង ៧២ ០០០ ក្បាលពីការការជួញដូរខុសច្បាប់ក្នុងប្រទេសកម្ពុជា។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានទំនុកចិត្តទៅលើកិច្ចខិតខំប្រឹងប្រែងជាបន្ដរបស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ ដែលធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលបានរីករាលដាលនៅកម្ពុជា ដើម្បីធានាបាននូវការការពារបរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕