សម្តេចតេជោហ៊ុនសែនអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងការបរទេស និងការប្រកាសជាផ្លូវការកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០នេះ
បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងទិសដៅការងារឆ្មាំ២០២០របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងប្រកាសជាផ្លូវការកម្ពុជាធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នាចុងឆ្នាំ២០២០ ដែលពិធីនេះ រៀបចំធ្វើនៅវិមានសន្តិភាព ទីស្តីការគណ:រដ្ឋមន្រ្តី។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងនៅក្មុងរបាយការណ៍ថា នៅក្នុងវិស័យការទូតនេះកម្ពុជាសម្រេចបានជោគ ជ័យជាច្រើន តាមរយៈការស្តារទំនាក់ទំនងការ ទូត និងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់ ថែមទាំងបានទិញអគាររៀបចំស្ថានទូតថ្មីៗជាច្រើនទៀត។ឯ.ឧ បញ្ជាក់ថា សមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបានជាបន្តបន្ទាប់មកនេះ ក៏ដោយសារមានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិ បាល នៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជានិងការគាំទ្រ និងកិច្ចសហប្រត្តិបត្តិការល្អពីបណ្តាក្រសួង -ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែ ងអស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការបរទេសនិងសហប្រត្តិបត្តិការអន្តរជាតិដើម្បីសម្រេចឲ្យបានជោគជ័យនូវការកំណែទំរង់ ។ បច្ចុប្បន្ននេះប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣ប្រទេស។
សូមបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីថ្លែងសុន្ទរកថាបិទសន្និបាតនោះ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុចប៊ូតុងប្រកាសជាផ្លូវការកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តធ្វើនៅថ្ងៃទី១៦-១៧ខែវិច្ឆិកានៅរាជធានីភ្នំពេញ៕