ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នឹងត្រូវបើកការដ្ឋានសាងសង់ជួសជុលនៅដើមខែកុម្ភៈនេៈ

វិទ្យុជាតិកម្ពុជា៖

MC: ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នឹងត្រូវបើកការដ្ឋានសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងនៅដើមខែកុម្ភៈនេៈ បន្ទាប់ពីបានទទួលថវិកាក្រោមក្របខណ្ឌឥណទានពីសាធារណរដ្ឋកូរ៉េ។
ឯកឧត្តម តូច កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិទាំងពីរខ្សែនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១១ ខែកុម្ភៈ។
ឯកឧត្តមបន្តថា គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ គឺមានប្រវែងសរុបជាង៦២គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបជិត១០គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។
គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌឥណទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េ
នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចដែល មានចំនួនទឹកប្រាក់សរុបជាង៥៦លានដុល្លារមេរិក។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីកន្លងទៅ បាន បញ្ជាក់ថា គម្រោងកែលម្អផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់១៧កន្លែង។ ការស្ថាបនានេះ គ្រោងនឹងប្រើរយៈពេល៣០ខែ ដោយគម្រោងនេះបែងចែកជាបីកំណាត់ផ្លូវធំៗ មានដូចជា៖កំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ ដែលមាន ប្រវែង៨,៧៤គីឡូម៉ែត្រ ត្រូវពង្រីកពី២គន្លង ទៅ៤គន្លង ដោយនៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ២០,៥ម៉ែត្រ។
កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង ៥៣,៨១៩គីឡូម៉ែត្រ ដែលផ្លូវស្ថិតក្នុងតំបន់ជនបទដោយរៀបចំមាន២គន្លង ក្នុងទំហំផ្លូវទទឹង១៣ម៉ែត្រ។
កំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម(ផ្លូវជាតិលេខ២២) ដែលមាន ប្រវែង៩,៦១១គីឡូម៉ែត្រ ដែលស្ថិតក្នុងតំបន់ជនបទ
ដោយកំណាត់ផ្លូវនេះមានទំហំទទឹងផ្លូវសរុប១៣ម៉ែត្រ៕
អត្ថបទ៖ វ៉ាង ភក្តី