ក្រសួងសុខាភិបាលបានបញ្ជូនសម្ភារវិធីសាស្ត្រអប់រំនិងបៀបការពារវីរុសកូរ៉ូណាទៅគ្រប់ស្ថាប័ន

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា
MC៖ ក្រសួងសុខាភិបាលបានបញ្ជូនសម្ភារវិធីសាស្ត្រអប់រំនិងបៀបការពារវីរុសកូរ៉ូណាទៅគ្រប់ស្ថាប័ន ដើម្បីពង្រឹងវិធានការទប់ស្កាត់នៃការរីករាល់ដាលរបស់វីរុសកូរ៉ូណាអោយកាន់តែមាន ប្រសិទ្ធភាព។

ឯកឧត្តម លី សុវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាល ព្រមទំាងមន្រ្តីជំនាញបានទំនាក់ទំនងទៅគ្រប់ក្រសួងស្ថាប័ន រោងចក្រសហគ្រាស ដើម្បីផ្សព្វ ផ្សាយពីវិធានការការណ៍ជម្ងឺរលាកសួតប្រភេទថ្មីដែលបង្កដោយវីរ៉ុសកូរ៉ូណា ដើម្បីអោយពួកគេ ចេះការពារខ្លួន ដោយខ្លួនឯង ខណៈដែលក្រសួងបានពង្រឹងវិធានការការពារនៅគ្រប់ច្រក ព្រំដែនជាមួយនឹងប្រទេសជិតខាង។
ឯកឧត្តមបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាចតក់ស្លត់ ឫ ជឿលើការផ្សព្វផ្សាយបំផុសនូវព័ត៌មានខ្លះដែលវាមិនពិត សំខាន់ត្រូវចេះថែទាំអនាម័យ និងការពារ សុខភាព របស់បងប្អូនអោយបានខ្ជាប់ខ្ជួន តាមវិធានការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល ដើម្បីអោយជៀសផុតពីការឆ្លងរីករាលដាលរបស់វីរុសកូរ៉ូណា។
ឯកឧត្តមបន្តថា អង្គការសុខភាពពិភពលោក WHO បានវាយតម្លៃចំពោះការឆ្លងរីករាលដាលរបស់វីរុសកូរ៉ូណានេះ បណ្តាលអោយមនុស្សស្លាប់មានអត្រាកម្រិតទាបជាងជម្ងឺសារ ព្រោះនៅឆ្នាំ២០០៣។
សំឡេង« អង្គការសុខភាពពិភពលោកបានវាយតម្លៃអំពីកម្រិតកាចសាហាវរបស់វាទាបជាងសា នៅឆ្នាំ២០០៣អត្រានៃការស្លាប់តិចទេមិនមែនដូចសាទេអត្រាស្លាប់ខ្ពស់ជាង តែបើបៀបធៀបទៅនឹងការផ្ទុះឆ្នាំ២០០៩ជម្ងឺផ្តាសសាយរាតត្បាតសកលដែលប្រជាពលរដ្ឋហៅថាជម្ងឺផ្តាស់សាយជ្រូកនេះ វីរុសកូរ៉ូណាវាខ្ពស់ជាងបន្តិច ប៉ុន្តែបើបៀបធៀបទៅនឹងផ្តាស់សាយបក្សីដែលយើងផ្ទុះគេហៅថា H5N1 នៅក្នុងស្រុកខ្មែរ ឆ្នាំ២០០៤ ដល់ឆ្នាំ ២០១៥ នឹង វាមានកម្រិតតិចជាងឆ្ងាយណា អត្រាស្លាប់រហូតដល់ ៥០ភាគរយ ឈឺពីរនាក់ស្លាប់ម្នាក់ »។
សូមបញ្ជាក់ថា ជម្ងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណា មិនជាជម្ងឺថ្មីមួយសម្រាប់ក្រសួងសុខាភិបាលនោះទេ ពីព្រោះក្រសួងធ្លាប់ជួបប្រទះនូវជម្ងឺរាតត្បាតធំជាច្រើន និង បានធ្វើការទុបស្កាត់ដោយទទួលបានជោគជ័យ ដូចជាជម្ងឺ សា ឆ្នាំ២០០៣ ជម្ងឺផ្តាស់សាយបក្សី ឆ្នាំ ២០០៥ រហូតដល់ ២០១៥ ជម្ងឺផ្តាស់សាយជ្រូកឆ្នាំ ២០០៩ ជម្ងឺពងបែកដៃជើង ឆ្នាំ ២០១២ និងជម្ងឺមើស៍ឆ្នាំ ២០១៥ ៕