ពិធីប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន ជំនួសសមាជិកចាស់ដែលបានទទួលមរណៈភាព

វិទ្យុជាតិកម្ពុជា៖ មន្ទីព័ត៌មានប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅសាលាក្រុងប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិនថ្មី ជំនួសលោក អឿ សាវឿន ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។
នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់សមាជិកក្រុមប្រឹក្សាក្រុងដែលទើបប្រកាសទទួលស្គាល់ថ្មី និងក្រុមប្រឹក្សាក្រុងប៉ៃលិនទាំងអស់ ត្រូវបន្តខិតខំចូលរួមអនុវត្កន៍ការងារ និងផ្តល់ប្រឹក្សាយោបល់ជូនដល់គណៈអភិបាលក្រុង ក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អោយមានប្រសិទ្ធិភាពខ្ពស់ ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តប៉ៃលិន អោយមានការរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមអភិបាលខេត្ត បានមាប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ សែន ជានាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បី បង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ជាន់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធ នយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ, និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុងប៉ៃលិនទាំងអស់ ត្រូវពង្រឹងទំនាក់ទំនង សាមគ្គីផ្ទៃក្នុង នៅតាមអង្គភាព ស្ថាប័ននានា និងឃុំ/សង្កាត់ ដើម្បីសម្រេចកិច្ចការដែលថ្នាក់លើប្រគល់ជូន ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ធ ជាពិសេសត្រូវចូលរួមថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
សូមបញ្ជាក់ថា៖ បើតាមប្រកាសលេខ ១២៥១ប្រក របស់ក្រសួងមហាផ្ទៃ គឺត្រូវបានតែងតាំងលោកស្រី ព្រំ សាវី លំដាប់លេខរៀងទី១០ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅជាសមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន ជំនួសលោក អឿ សាវឿន ដែលបានទទួលមរណៈភាព។
ញ៉ឹប បូរី ប៉ៃលិន