អភិបាលខេត្តប៉ៃលិនលើកទឹកចិត្តដល់មន្ត្រីអប់រំក្នុងខេត្តទាំងអស់ឱ្យបំពេញតួនាទីអប់រំសិស្សគ្រប់កំរិតសិក្សាឱ្យបានល្អ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តបៃលិន

អភិបាលខេត្តប៉ៃលិនលើកទឹកចិត្តដល់មន្ត្រីអប់រំក្នុងខេត្តទាំងអស់ឱ្យបំពេញតួនាទីអប់រំសិស្សគ្រប់កំរិតសិក្សាឱ្យបានល្អដើម្បីកសាងធនធាន យុវជនជំនាន់ថ្មីប្រកបដោយសមត្ថភាពសម្រាប់អភិវឌ្ឍជាតិនិងងាយស្រួលរកការងារធ្វើទាំងក្នុងនិងក្រៅប្រទេស។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធិផលការងារវិស័យអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅបន្តឆ្នាំសិក្សា២០១៩-២០២០ នាព្រឹកថ្ងៃទី៣០ ខែមករានេះ ឯកឧត្តមផាន់ ចាន់ធុលអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យលោកគ្រូ អ្នកគ្រូមន្ត្រីអប់រំទូទាំងខេត្តត្រូវ បន្តអនុវត្តន៍នូវគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំ ដល់សិស្សានុសិស្សគ្រប់ភូមិសិក្សាអោយកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀតស្របតាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឱ្យដឹងថា ឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់បានសហការជាមួយសហគមន៍ អាជ្ញាធរដែនដី បំពេញការងារតាមតួនាទី និងភារកិច្ចយ៉ាងសកម្ម និងពុះពារគ្រប់ឧបសគ្គលើមូលដ្ឋានកំណែទម្រង់ដ៏ស៊ីជំម្រៅដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយលទ្ធផលផ្លែផ្កាគួអោយកត់សម្គាល់។
បច្ចុប្បន្នខេត្តប៉ៃលិន មានសាលារៀន សរុប ចំនួន ១១២ សាលា ក្នុងនោះ មត្តេយ្យសិក្សាមានចំនួន ២៤សាលា , បឋមសិក្សាមានចំនួន ៤៨ សាលា, អនុវិទ្យាល័យមានចំនួន ៧ សាលា, វិទ្យាល័យមានចំនួន២ សាលា, មត្តេយ្យសហគមន៍មានចំនួន ១១ កន្លែង, សាលាមត្តេយ្យសិក្សាឯកជនមានចំនួន ១០ សាលា និងសាលាបឋមសិក្សាឯកជនមានចំនួន ១០ សាលា។ សិស្សទូទាំងខេត្តទាំងរដ្ឋ និងឯកជនសរុបមានចំនួន១៩២៥៦នាក់ ស្រីចំនួន ៩៥៣៥នាក់ ៕
លោក ញ៉ឹប បូរី ប៉ៃលិន