សម្តេចតេជោហ៊ុនសែនអំពាវនាវដល់សាធារណជនទាំងអស់តាមដានព័ត៌មានពាក់ព័ន្ធ នឹងជម្ងឺកូរ៉ូណា ដែលមានប្រភពច្បាស់លាស់ពីក្រសួងសុខាភិបាល

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា
MC៖ សម្តេចតេជោហ៊ុនសែនអំពាវនាវដល់សាធារណជនទាំងអស់តាមដានព័ត៌មានពាក់ព័ន្ធ នឹងជម្ងឺកូរ៉ូណា ដែលមានប្រភពច្បាស់លាស់ពីក្រសួងសុខាភិបាល ដើម្បីការពារកុំអោយមាន ការភាន់ច្រលំចំពោះព័ត៌មានក្លែងក្លាយ ដែលអាចបំពុលសង្គម។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពផ្តល់ឲ្យក្រសួងសុខាភិបាលមានសិទ្ធនាំមុខក្នុងការផ្តល់ព័ត៌មានជាផ្លូវការពិតប្រាកដដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដពីជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា ។

ថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណានៅថ្ងៃទី៣០ ខែមករា សម្តេចតេជោមានប្រសាសន៍ថានៅកម្ពុជាយើងសព្វថ្ងៃកំពុងកើតជំងឺភ័យខ្លាចដោយសារការបំពុលតាមហ្វេសប៊ុក រាល់ការផ្សព្វផ្សាយព័ត៌មានពិត។ ដូច្នេះប្រភពព័ត៌មានដែលមានភាពជឿជាក់ពាក់ព័ន្ធនឹងជម្ងឺ កូរ៉ូណា គឺជាប្រភពព័ត៌មានជាផ្លូវការ ច្បាស់លាស់ចេញពីក្រសួងសុខាភិបាល ។ សម្តេចបន្ថែមថា មកដល់ពេលនេះ មិនមានប្រជាជនកម្ពុជាយើងណាម្នាក់ កើតជំងឺរលាកផ្លូវដង្ហើម ដែលឆ្លងមកពីទីក្រុងវូហាន ប្រទេសចិននោះទេ គឺមានតែជនជាតិចិន ម្នាក់គត់ ដែលកំពុងសម្រាកព្យាបាល នៅខេត្តព្រះសីហនុ។

សំលេង« សូមបញ្ជាក់ សារជាថ្មី ប្រភពដែលយកជាការបានគឺក្រសួងសុខាភិបាលជាអ្នកនាំមុខ ផ្តល់ព័ត៌មានមិនមែនប្រតិកម្មរហ័ស មិនមែនក្រសួងព័ត៌មាន ឬក្រសួងណាផ្សេងៗទេ ក្រៅពីស្ថាប័នដែលច្បាប់បានប្រគល់ឲ្យស្ថាប័ននេះជាអ្នកទទួលបន្ទុក។ ច្បាប់ស្តីពីការចាត់តាំងក្រសួងសុខាភិបាល អនុក្រឹតស្តីពីការរៀបចំប្រពឹត្តទៅនៃក្រសួងសុខាភិបាលគឺផ្តល់អំណាចឲ្យក្រសួងនេះធ្វើកិច្ចការ។ដូច្នេះព័ត៌មានក្រសួងត្រូវតែផ្តល់ព័ត៌មានជាក់លាក់ហើយសូមឲ្យប្រជាពលរដ្ឋយកព័ត៌មានពីប្រភពណា ឥលូវមានសារព័ត៌មានជាច្រើនណាស់ដែលផ្សាយ ហើយដែលផ្សាយទៀងទាត់ ៕»