សម្តេចតេជោប្រាប់ឲ្យក្រសួងព័ត៌មាន ឲ្យចាត់វិធានការចំពោះអ្នកសារព័ត៌មានមិនពិត

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី
MC៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ឲ្យក្រសួងព័ត៌មាន ត្រូវចាត់វិធានការចំពោះអ្នកសារព័ត៌មានមិនពិត ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសទាក់ទងនឹងជំងឺរលាកផ្លូវដង្ហើមថ្មី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបែបនេះ នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ដោយស្តីបន្ទោសចំៗ ទៅដល់អ្នកសារព័ត៌មានដែលគ្មានជំនាញវិជ្ជាជីវៈ និងអ្នកលេង ហ្វេសប៊ុក មួយចំនួន ដែលបានផ្សព្វផ្សាយអំពីជំងឺផ្លូវដង្ហើមថ្មី ដោយមិនមានប្រភពច្បាស់លាស់ បណ្តាលឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។

សម្តេចតេជោបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណានេះបានបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាច ដែលកើតឡើងតាមរយៈការបំពុលព័ត៌មាន។
សម្តេច បានមានប្រសាន៍ប្រាប់ដល់ក្រសួងព័ត៌មាន ឲ្យត្រួតពិនិត្យមើលវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងមានវិធានការចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
សំឡេង៖ « សូមឲ្យក្រសួងព័ត៌មាន ចាត់វិធានការចាំបាច់ ចំពោះព័ត៌មានក្លែងក្លាយឃើញដូចជាព័ត៌មានម៉ាឡេស៊ី ចាប់អ្នកសារព័ត៌មាន ៣នាក់។ យើងអត់ទាន់មានចាប់ទេ ក៏ប៉ុន្តែបើសិនជាមិនទាន់រៀងចាលទេ ក៏ត្រូវតែធ្វើដែរ ខាងខេត្តពោធិ៍សាត់បានយកអ្នកដែលផ្សាយព័ត៌មានមិនពិតមកផុសយកមកចុះហត្ថលេខា គេមកសារភាពខ្លួនគេថាគេខុស ចឹងត្រូវមានការទទួលខុសត្រូវលើបញ្ហានេះ»។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ក៏បានកោតសរសើរ ចំពោះអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈ មានការទទួលខុសត្រូវ អ្នកលេងហ្វេសប៊ុកដែលមានការទទួលខុសត្រូវ បណ្ដាញសង្គមដែលមានការទទួលខុសត្រូវ ជួយផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយនិងបំពុលសង្គម៕