អាជ្ញាធរស្រុកសេសានអភិរក្សតំបន់ព្រៃ ដើមឈើដៃខ្លាទុកធ្វើឧទ្យានធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

អាជ្ញាធរស្រុកសេសាន គ្រោងបង្កើត ឱ្យមានសួនឧទ្យានធម្មជាតិព្រៃដើមឈើដៃខ្លា នៅភូមិហាងសាវ៉ាតឃុំសាមឃួយសម្រាប់ឱ្យភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា បានឃើញបានស្គាល់ពីសម្បត្តិធម្មជាតិដែលមាននៅខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះសិក្សាតំបន់ព្រៃដើមឈើដៃខ្លា នៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកនេះបានបញ្ជាក់ថា៖ព្រៃដើមឈើដៃខ្លានេះ ជាសម្បត្តិធនធានធម្មជាតិមានតំលៃផ្នែកសេដ្ឋកិច្ច និងជាសម្បត្តិធនធានដ៍កម្រមានច្រើនជាងគេ នៅក្នុងភូមិហាងសាវ៉ាត ។លោកថា៖អាជ្ញាធរពាក់ព័ន្ធនៅភូមិ ឃុំនេះ ត្រូវបង្កើនការថែរក្សា ហាមឃាត់ដាច់ខាតមិនឱ្យជនខិលខូចមកកាប់យកទៅធ្វើអាជីវកម្ម ឬកាប់ព្រៃរើរានយកដីធ្វើកម្មសិទ្ធ ប៉ះពាល់ឈើដៃខ្លាដែលត្រូវអភិរក្សនេះឡើយ។
លោកស្រី ហ្វា វ៉ាន់ស្សា សមាជិកក្រុមប្រឹក្សាឃុំសាមឃួយ បានគាំទ្រចំពោះចក្ខុវិស័យនេះ ព្រោះសម្បត្តិធនធានធម្មជាតិមួយនេះមិនមានសម្បូរបែបដូចឈើផ្សេងៗទៀតនោះទេ។
លោកស្រីថា៖កន្លងមក ឯកឧត្តមអ្នកតំណាងរាស្ត្រស្ទឹងត្រែងធ្លាប់មកពិនិត្យនិងណែនាំឱ្យអភិរក្សទុក ដើម្បីបង្កើតជាឧទ្យានធម្មជាតិព្រៃដើមឈើដៃខ្លា សម្រាប់ឱ្យភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា បានឃើញបានស្គាល់ពីសម្បត្តិធម្មជាតិនៅប្រទេសយើងមាន។
លោក ខាវ វ៉ានមេភូមិហាងសាវ៉ាតបានអះអាងថា៖លោកនិងបង្កើនការអនុវត្តនីវិធានការនេះ ដោយផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយើងដែលរស់នៅជិតតំបន់នោះ ជួយថែរក្សារការពារកុំឱ្យមានការកាប់ទន្ទ្រានបន្តទៅទៀត។
សូមបញ្ជាក់ថា៖ចំការឧទ្យានដើមឈើដៃខ្លានេះមាននៅភូមិហាងសាវ៉ាតក្នុងទឹកដីនៃឃុំសាមឃួយស្រុកសេសាន ដែលអាជ្ញាធរស្រុកបានកំពុងបង្កើនការអភិរក្សដើម្បីឈានទៅបង្កើតឱ្យទៅជាឧទ្យានធម្មជាតិ ព្រៃដើមឈើដៃខ្លានៅពេលខាងមុខ។