រាជរដ្ឋាភិបាលជំរុញឲ្យក្រសួងវប្បធម៌បន្តស្រាវជ្រាវបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី

វិទ្យុជាតិកម្ពុជា៖
MC: រាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការសិក្សាស្រាវជ្រាវអំពីបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដែលកំពុងប្រឈមនឹងការបាត់បង់ ដើម្បីចងក្រងទុកជាឯកសារ សម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែមករានេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យក្រសួងជំនាញមួយនេះ ត្រូវបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌជាប្រចាំ និងធ្វើផែនទីកំណត់ធនធាន វប្បធម៌ បេតិកភណ្ឌវប្បធម៌ដែលប្រឈមនឹងគ្រោះថ្នាក់ទាំងរូបី និងអរូបី ដើម្បីបង្កើនកិច្ចថែរក្សា ការពារ និងលើកស្ទួយ ធនធានវប្បធម៌ទាំងនោះ ឲ្យមានសុវត្ថិភាព និងនិរន្តរភាព។

ជាមួយគ្នានេះ ក៏បានជំរុញឲ្យបន្តការដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ សំដៅលើកកម្ពស់ការថែរក្សាការពារអត្តសញ្ញាណជាតិ និងកិត្យានុភាពជាតិ ព្រមទាំងត្រូវបន្តពង្រឹង និងពង្រីកការរៀបចំតំបន់បេតិកភណ្ឌវប្បធម៌ រមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រ ឲ្យបានកាន់តែប្រសើរថែមទៀត សំដៅថែរក្សាអភិរក្សនូវមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដើម្បីពង្រីកគោលដៅទេសចរណ៍វប្បធម៌ និងប្រែក្លាយជាទីកន្លែងសម្រាប់ការថតខ្សែភាពយន្តជាតិ និងអន្តរជាតិ។
លោកជំទាវ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបន្តជំរុញការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ តាមរយៈជំរុញការចុះបញ្ជី ពង្រឹងការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងចងក្រង ព្រមទាំងការបង្កើតតម្លៃបេតិកភណ្ឌវប្បធម៌ ដើម្បីជាប្រភពធនធានសេដ្ឋកិច្ច រួមចំណែកបង្កើនការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងគោលដៅទេសចរជាតិ និងអន្តរជាតិ ជាដើម។ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ និងការផ្សព្វផ្សាយវប្បធម៌ គឺជាកិច្ចការគ្មានទីបញ្ចប់នោះឡើយ។
បើតាមការឲ្យដឹងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងកំពុងបន្តពង្រឹងការគ្រប់គ្រង និងការរៀបចំតំបន់បេតិកភណ្ឌវប្បធម៌ រមណីយដ្ឋាន វប្បធម៌ និងប្រវត្តិសាស្ត្រ ឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅថែរក្សាអភិរក្សនូវមរតក វប្បធម៌ ដ៏មានតម្លៃរបស់ជាតិផង និងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ផង៕
អត្ថបទ៖ វ៉ាង ភក្តី