កម្ពុជាគ្មានផែនការបិទជើងហោះហើរពីចិនឡើយ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ ធីណា ឌីណេ
MC៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា កម្ពុជាគ្មានផែនការបិទជើងហោះហើរពីចិនឡើយដើម្បីការពារសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា បើមានការបិទជើងហោះហើរពីកម្ពុជាទៅចិននោះ វាការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងមួយផ្នែកនៃទំនាក់ទំនងរវាងកម្ពុជា និងចិន ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណ(Coronavirus) នៅក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី៣០ខែមករានេះនៅទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការស្នើឲ្យបិទជើងហោះហើរពីកម្ពុជាទៅចិនទាំងអស់នោះ គឺជាការភ័យខ្លាចជ្រុលដែលពុំអាចធ្វើ បានឡើយ។
សម្តេចបញ្ជាក់ថា ការបិទជើងហោះហើរពីកម្ពុជាទៅចិនទាំងអស់នោះ គឺលទ្ធផល មិនមែនជាការវាយប្រហារចិននោះទេ គឺបានវាយប្រហារមកសេដ្ឋកិច្ចកម្ពុជាតែប៉ុណ្ណោះ ជាពិសេសនោះអ្នកដែលរកស៊ីវិនិយោគទន់នៅកម្ពុជា អ្នកទេសចរ ដែលចំណុចទាំងនេះ នឹងសម្លាប់សណ្ឋាគារ សេវាកម្មរបស់កម្ពុជា ។ សម្តេចបន្តបន្ថែមទៀតថា រដ្ឋាភិបាលចិនមានទំនួលខុសត្រូវខ្ពស់ណាស់ ចំពោះប្រជាជនចិន និងទៅលើប្រទេសនានាផងដែរ ។
សំលេង៖ «សូម្បីតែរដ្ឋមន្ត្រីការបរទេសចិន ដែលគ្រោងមកទស្សនកិច្ចនៅថ្ងៃទី ១និងថ្ងៃទី ២ នៅមុខនេះក៏ត្រូវផ្អាកទស្សនកិច្ច ដើម្បីរួមដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ចិន ក្រៅពីនោះយើងមិនចាំបាច់ប្រកាសបិទទេ ព្រោះចិនគេបានបិទពីប្រទេសគេរួចស្រេចទៅហើយ មិនត្រឹមតែបិទជើងហោះហើរពីវូហានមកកាន់កម្ពុជាឬទៅកាន់បរទេសព្រោះគេបិទទាំងនៅក្នុងមិនឱ្យមានការហោះហើរពីទីក្រុងប្រហែលទៅកាន់ប៉េកាំងឬទីក្រុងដទៃទៀតនៅក្នុងប្រទេសចិន បិទទាំងផ្លូវដែកបិទទាំងផ្លូវគោកដើម្បីទុកឲ្យមានការដោះស្រាយនៅក្នុងក្របខណ្ឌមួយនៅក្នុងកម្រិតតូចជាងកុំឲ្យមានការរីករាលដាលព្រោះរដ្ឋាភិបាលចិនមានការទទួលខុសត្រូវចំពោះបញ្ហានេះ»។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ កុំឲ្យបារម្ភខ្លាំងពេកចំពោះមេរោគកូរ៉ូណាប្រភេទថ្មីនេះ ដោយសារតែ ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានដាក់ការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត នៅតាមច្រកព្រលានយន្តហោះទាំង៣ ក៏ដូចជាច្រកព្រំដែនផ្សេងៗទៀត ដូចជាប៉ោយប៉ែត ច្រកព្រំដែនបាវិត និងតាមច្រកព្រំដែនផ្សេងៗទៀត ដើម្បីការពារមិនឲ្យវីរុសកូរ៉ូណាប្រភេទថ្មីនេះ រីករាលដាលនៅកម្ពុជាឡើយ។
សូមបញ្ជាក់ថា មេរោគកូរ៉ូណាប្រភេទថ្មីនេះ មានប្រភពដើមមកពីទីក្រុងវូហាន ខែហ៊ូប៉ី ប្រទេសចិន ដែលចាប់ផ្តើមផ្ទុះឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី បានកើនឡើងដល់១៧០នាក់ហើយ ខណៈអ្នកផ្ទុកមេរោគនេះ បានកើនឡើងដល់ជាង៧ពាន់នាក់ នៅក្នុងប្រទេសចិន។ ក្រៅពីប្រទេសចិនមិនមានអ្នកស្លាប់ដោយសារមេរោគនេះឡើយ៕