រដ្ឋមន្រ្តីក្រសួងការបរទេសណែនាំដល់មន្ដ្រីទូតកម្ពុជាទាំងអស់ត្រូវមានសមត្ថភាពពេញលេញទំាងជំនាញវិជ្ជាជីវៈនិងភាពស្មោះត្រង់

MC៖ រដ្ឋមន្រ្តីក្រសួងការបរទេសណែនាំដល់មន្ដ្រីការទូតកម្ពុជាទាំងអស់ត្រូវមានសមត្ថភាព ពេញលេញទំាងជំនាញវិជ្ជាជីវៈ និងភាពស្មោះត្រង់ដើម្បីធានាបានផលប្រយោជន៍ជាតិ និងប្រជា
ជន។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា មន្ត្រីការទូតជាមធ្យោបាយតែមួយគត់ដើម្បីធានាគុណភាព ប្រសិទ្ធិភាពការងារនិងសមធម៌នៅក្នុងក្រសួង ដូច្នេះត្រូវធានាថាមន្ត្រីការទូតទំាងអស់ ជាអ្នកមានសមត្ថភាពពេញលេញ ជំនាញវិជ្ជាជីវៈខ្ពស់ រៀងវៃ និងស្មោះត្រង់ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិនិងប្រជាជន។
ការលើកឡើងរបស់ប្រមុខការទូតកម្ពុជានាពេលនេះដោយសារតែនៅឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខ ពិភពលោកនឹងបន្តវិវឌ្ឍនៅលើផ្លូវដ៏លំបាក ស្មុគស្មាញ ពិបាកប៉ាន់ស្មានបាន ក្នុងដំណើរទៅរករបបពហុប៉ូល និងការប្រកួតប្រជែងរវាងមហាអំណាចធំៗនឹងបន្តក្នុងលក្ខណៈស្វិតស្វាញដែលជៈឥទ្ធិពលដោយផ្ទាល់ និងមិនផ្ទាល់ដល់ដំណើរ និងកិច្ចការពិភពលោកទាំងវិស័យនយោបាយ សេដ្ឋកិច្ច យោធា សន្តិសុខ និង បច្ចេកវិទ្យា។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានឲ្យដឹងទៀតថា នៅក្នុងវិស័យការទូតនេះ
កម្ពុជាសម្រេចបានជោកជ័យជាច្រើន តាមរយៈការស្តារទំនាក់ទំនងការទូត និងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់ ថែមទាំងបានទិញអគាររៀបចំស្ថានទូតថ្មីៗជាច្រើនទៀត។
សំឡេង៖ «សមិទ្ធផលជាច្រើនដែលយើងសម្រេចបានជាបន្តបន្ទាប់មកនេះ ក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជានិងការគាំទ្រ និងកិច្ចសហប្រត្តិបត្តិការល្អពីបណ្តាក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការបរទេសនិងសហប្រត្តិបត្តិការអន្តរជាតិដើម្បីសម្រេចឲ្យបានជោគជ័យនូវការកំណែទំរង់ដ៏ធំរបស់យើង»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣ប្រទេស៕