ចំនួនករណីឆ្លងវីរុសក្នុងប្រទេសចិន កើនឡើងដល់ ៧.៧១១នាក់ និងយ៉ាងហោចណាស់ ១៧០នាក់ស្លាប់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ — អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួន​ប្រជាជននៅក្នុងប្រទេសចិនដែលទទួលរងពីជំងឺរលាកសួតដែលបណ្តាលមកពីមេរោគ​កូរ៉ូណា 2019-nCoV នេះ បានកើនឡើងដល់ ៧.៧១១នាក់ ក្នុងនោះមនុស្ស ១៧០នាក់បានស្លាប់។

គណៈកម្មាធិការជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមម៉ោង​២៤:០០ម៉ោងក្នុងស្រុក(ម៉ោង១៩:00 នៅទីក្រុងមូស្គូ) កាលពីថ្ងៃទី២៩ ខែមករា គណៈកម្មការ សុខភាពជាតិបានចុះបញ្ជីចំនួន ៧.៧១១ករណី ដែលបានបញ្ជាក់ពីការឆ្លងជំងឺនេះ ដែលក្នុង​នោះ ១.៣៧០ករណី ត្រូវបានគេចាត់ទុកថា​ធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់បានដល់ ១៧០នាក់។

កាលពីថ្ងៃពុធតែមួយថ្ងៃប៉ុណ្ណោះ ករណីថ្មីចំនួន ១.៧៣៧ ករណីនៃជំងឺនេះត្រូវបាន​បញ្ជាក់​នៅក្នុងប្រទេសចិន។ អ្នកជំងឺចំនួន ៣៨ នាក់បានស្លាប់ នៅក្នុងរយៈពេលដែលគេបាន​រាយការណ៍រួមទាំង ៣៧នាក់នៅចំណុចផ្ទុះនៃហ៊ូប៉ី និងម្នាក់ទៀតនៅខេត្តស៊ីឈួន។

គិតត្រឹមថ្ងៃព្រហស្បតិ៍ចំនួនករណីសង្ស័យឈានដល់ ១២.៨៦៧នាក់។ យ៉ាងហោច​ណាស់មនុស្ស ៨៨.៦៩៣នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលឆ្លងជំងឺនេះ។ ចំនួន ៨១.៩៤៧នាក់នៃពួកគេទាំងនោះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរចិនបានជូនដំណឹងដល់អង្គការសុខភាព​ពិភពលោក(WHO) អំពីការផ្ទុះឡើងនៃជំងឺរលាកសួតដែលមិនស្គាល់មួយនៅក្នុងទីក្រុង Wuhan ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំមួយ​នៅកណ្តាលប្រទេស​ចិន​ដែលមានប្រជាជនចំនួន ១១លាននាក់។ នៅថ្ងៃទី៧ ខែមករា អ្នកជំនាញជនជាតិចិនបាន​កំណត់​អត្តសញ្ញាណភ្នាក់ងារបង្ករោគ៖ មេរោគឆ្លងវីរុស coronavirus 2019-nCoV ៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)