នំបញ្ចុករបស់កម្ពុជា នឹងត្រូវស្នេីសុំអង្គការ យូណេស្កូ​បញ្ចូលជាសម្បត្តិវប្បធម៌​អរូបី នៃ​មនុស្សជាតិ​

វិទ្យុជាតិកម្ពុជា
MC: នំបញ្ចុករបស់កម្ពុជា នឹងត្រូវស្នេីសុំអង្គការយូណេស្កូ(UNESCO​)បញ្ចូលជាសម្បត្តិវប្បធម៌​អរូបី នៃ​មនុស្សជាតិ​ ដើម្បីបញ្ជាក់ផលិតផលមួួយនេះ​ជារបស់ខ្មែរតាំងពីសម័យកាលមុន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២៩ ខែមករានេះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា កម្ពុជា​ នឹង​ដាក់​ឯកសារ​ស្តីពីនំ​បញ្ចុករបស់កម្ពុជាទៅអង្គការ​យូណេស្កូ ដើម្បី​សុំចុះក្នុង​បញ្ជី​នៃវប្បធម៌​អរូបី នៃ​មនុស្សជាតិ​នៃសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។
លោកជំទាវ ​បន្តថា ក្រសួង​​ បាន​នឹងកំពុងរៀបចំ​ឯកសារ​នំ​បញ្ចុក​ឲ្យរួចរាល់​ក្នុងឆ្នាំ​២០២០​នេះ ជាមួួយការដាក់​ឯកសារបេតិកភណ្ឌ​អរូបី​មួយ​ចំនួន​ទៀត ​ទៅ​អង្គការ​យូណេស្កូ​ផងដែរ​។
គួររំឭកថា សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិកម្ពុជាមួយចំនួន ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូរួមមាន៖ ប្រាសាទតំបន់អង្គរនៅឆ្នាំ១៩៩២ របាំព្រះរាជទ្រព្យនៅឆ្នាំ២០០៣ ល្ខោនស្រមោលស្បែកធំនៅឆ្នាំ២០០៥ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ ល្បែងទាញព្រ័ត្រនៅឆ្នាំ២០១៥ ចាប៉ីដងវែងនៅឆ្នាំ២០១៦ ក្រុមប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ល្ខោនខោលវត្តស្វាយអណ្តែតដែលជាតំណាងឲ្យល្ខោនខោលនានាក្នុងប្រទេសកម្ពុជា បានចុះបញ្ជីជាបេតិក ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ៕
អត្ថបទ៖ វ៉ាង ភក្តី