ប.ស.ស និងអាជ្ញាធរខេត្តប៉ៃលិនផ្សព្វផ្សាយគោលនយោបាយសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់អ្នកពាក់ព័ន្ធនៅក្នុងខេត្ត

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

បេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថា ប.ស.សបាន សហការជាមួយរដ្ឋបាលខេត្ត ប៉ៃលិនបានបើកប្រជុំផ្សព្វផ្សាយអំពីរបបគោល​នយោបាយ​សន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពដល់អ្នកពាក់ព័ន្ធនៅក្នុងខេត្តប្រមាណ ១០៦ នាក់ ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ក្នុងគោលបំណង ការផ្សព្វផ្សាយគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម និងវឌ្ឍនៈភាពរបស់ ប.ស.ស. បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកហានិភ័យការងារជូនកម្មករនិយោជិត ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនកោតសរសើរចំពោះ មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃខេត្តប៉ៃលិន ដែលអនុវត្តការងារប្រកបដោយស្មារតីប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។
ជាមួយគ្នានោះឯកឧត្តម ស្នើឱ្យបន្តការងារនេះឱ្យបានល្អថែមទៀតដើម្បីកុំឱ្យបាត់បង់ដល់អត្ថប្រយោជន៍របស់កម្មករ ។
ឯកឧត្តម ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម មានប្រសាសន៍ថា អត្ថប្រយោជន៍ដែលសហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិត អាចទទួលបានពី ប.ស.ស. រួមមាន៖ ការសង្គ្រោះបន្ទាន់ ការថែទាំ និងព្យាបាល ប្រាក់បំណាច់ប្រចាំថ្ងៃ ប្រាក់ធនលាភ និងប្រាក់វិភាជន៍ និងសាហ៊ុយបូជាសព ជាដើម។

លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស ខេត្តប៉ៃលិនបានអោយដឹងថា៖ បច្ចុប្បន្នសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីការជាមួយ ប.ស.ស ខេត្តប៉ៃលិនរួមមាន៖ គ្រឹះស្ថានសរុបចំនួន ១៥០ សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ៤,៨២៣នាក់ ស្រី២,៦១៩នាក់។ មាន៖ សហគ្រាសកំពុងដំណើរការបង់វិភាគទានក្នុងខេត្តចំនួន ១១៥សហគ្រាស មានកម្មករនិយោជិតចំនួន៣២៨១នាក់ស្រី១៧៣៥នាក់៕
អត្ថបទលោក កុល កាយណា