CMAC គ្រោងបំផ្ទុះគ្រាប់បែកនៅតំបន់ស្ពានសម្តេចក្រឡាហោម រហូតដល់ស្ពានសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ទីតាំងវត្តសង្កែ នាថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖រដ្ឋបាលក្រុងបាត់ដំបង អំពាវនាវប្រជាពលរដ្ឋកុំចេញពីផ្ទះ ឬធ្វើដំណើរឆ្លងកាត់តាមផ្លូវក្រុងបាត់ដំបង ចាប់ពីចំណុចស្ពានសម្តេចក្រឡាហោម ស ខេង រហូតមកដល់ ស្ពានសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ទីតាំងវត្តសង្កែនាថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីធ្វើការបំផ្ទះគ្រាប់បែក នៅនឹងកន្លែង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងបាត់ដំបងបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ ១ ស្ថិតនៅភូមិកំពង់ក្របី.ភូមិកម្មករ សង្កាត់ស្វាយប៉ោ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវ ១៥៩០ ស្ថិតនៅភូមិរំចេក ៤សង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីចំណុចស្ពានសម្តេចក្រឡាហោម ស ខេង រហូតមកដល់ ស្ពានសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ជ្រាបថា ៖ ក្នុងកំឡុងខែមករា ឆ្នាំ ១៩៧៩ ទីតាំងវត្តសង្កែត្រូវបានដាក់ជាឃ្លាំងស្តុកអាវុធ និងគ្រាប់រប៉ាត់រប៉ាយតាមបណ្តោយច្រាំងស្ទឹងសង្កែ កន្លងមកអង្គភាពកំចាត់មីនបានធ្វើការប្រមូលបានមួយចំនួនរួចហើយ ។

ដោយបច្ចុប្បន្នការអភិវឌ្ឍ និងការរៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធមានការីកចម្រើនជាលំដាប់ ជាពិសេសថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកែលម្អរបាំងស្ទឹងសង្កែ នឹងបានស្នើសុំក្រុមការងារអង្គភាពកំចាត់មីនធ្វើការចុះពិនិត្យទីតាំង បានឃើញថាមានគ្រាប់មិនទាន់ផ្ទះជាច្រើន ដោយមួយចំនួនក្រុមការងារបានធ្វើការបោសសំអាតនិងប្រមូលចេញបានមួយចំនួន ដោយឡែកគ្រាប់មួយចំនួនទៀតតម្រូវឲ្យធ្វើការបំផ្ទះ នៅនឹងកន្លែង ។

ដូចនេះរដ្ឋបាលក្រុងបាត់ដំបង សូមជូនដំណឹងដល់បងប្អូនដែលរស់នៅទីតាំងខាងលើ និងបងប្អូនប្រជាពលរដ្ឋទូទៅ ជ្រាបថា ក្រុមការងារនឹងអនុវត្តការងារនេះនាថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង ៨៖០០ នាទីព្រឹក សូមបងប្អូនមេត្តាកុំចេញពីផ្ទះ ឬធ្វើដំណើរឆ្លងកាត់តាមផ្លូវ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ។
រដ្ឋបាលក្រុងបាត់ដំបង សង្ឃឹមនិងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕