អ៊ីស្រាអែលបន្ថែមកម្លាំងនៅជ្រលងភ្នំហ្សកដង់ដែលខ្លួនកាន់កាប់  

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០​ — យោធាអ៊ីស្រាអែលបាននិយាយពីថ្ងៃអង្គារថា ខ្លួនកំពុងដាក់ពង្រាយកងទ័ពថែមទៀតនៅក្នុងជ្រលងភ្នំហ្សកដង់ ដែលអ៊ីស្រាអែលកាន់កាប់នៅវេសបែងនៅមុន ការបើកផែនការសន្តិភាពរបស់សេតវិមាន ។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចដើម្បីបន្ថែមកម្លាំងនៅតំបន់ជ្រលងភ្នំហ្សកដង់ ជាមួយកងទ័ពថ្មើរជើង ។ សេចក្តី​ថ្លែងការណ៍នោះនិយាយបន្ថែមថា ទង្វើនេះធ្វើឡើងបន្ទាប់ពីការវាយតម្លៃស្ថានការណ៍ ដែលកំពុងប្រព្រឹត្តិទៅ ដែលធ្វើឡើងដោយកងកម្លាំងការអ៊ីស្រាអែល ( IDF )។

សេចក្តីថ្លែងការណ៍ខុសធម្មតានេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅមុនលោក ដូណាល់ ត្រាំ របស់  ស.រ.អា កំណត់នឹងបើក ផែនការសន្តិភាព « កិច្ចព្រមព្រៀងសតវត្សន៍ » របស់លោកក្នុងទីក្រុងវ៉ាស៊ីងតោននោះ​ ។

វាក៏បានកើតឡើងផងដែរក្នុងខណៈនៃ សេចក្តីប្រកាសធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ព្រមទាំងដៃគូចម្រុះស្តាំនិយមជ្រុលរបស់លោកដែលថា ពួកគេនឹងឈានទៅធ្វើឧបសម្ព័ន្ធ ជ្រលងភ្នំហ្សកដង់ បន្ទាប់ពីលោក ត្រាំ ប្រកាសនូវផែនការណ៍របស់លោក ។ ទង្វើមួយបែបនេះ ទំនងជាបង្កឱ្យមានការតវ៉ា និងការថ្កោលទោសធ្វើឡើងដោយ ប្រជាជនប៉ាឡេស្ទីន ព្រមទាំងសហគមន៍អន្តរជាតិ​ ។

អាជ្ញាធរប៉ាឡេស្ទីនបានប្រកាសថា « ទិវាចងកំហឹង » នឹងត្រូវគេធ្វើឡើងនៅវេសបែង ដើម្បីប្រឆាំងតវ៉ានឹងផែនការរបស់លោក ត្រាំ៕

(ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)