អាជ្ញាធរខេត្តកោះកុងកំពុងតាមដានសុខភាពបុរសជនជាតិចិនចំនួន២នាក់ដែលរួមដំណើរជាមួយអ្នកផ្ទុកវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី
MC៖ អាជ្ញាធរខេត្តកោះកុង កំពុងតាមដានសុខភាពជនជាតិចិនចំនួន២នាក់ ដែលបានរួមដំណើរតាមជើងយន្តហោះពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនមកកាន់ប្រទេសកម្ពុជា ជាមួយជនជាតិចិនម្នាក់ដែលមានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ដែលរកឃើញនៅខេត្តព្រះសីហនុ ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី២៩ ខែមករានេះ បានឲ្យដឹងថា ជនជាតិចិនទាំង០២នាក់នេះ ទី១-ឈ្មោះ Yin Zhengyin ភេទ ប្រុស អាយុ ១៦ ត្រូវជាកូន និងទី២- ឈ្មោះ Yin Gongping ភេទ ប្រុស អាយុ ៥៤ ត្រូវជាឱពុក ដែលពួកគេទាំង២នាក់កំពុងបំពេញការងារនៅក្រុមហ៊ុនយូញៀន ស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង។
លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់ពួកគេចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០មកដល់បច្ចុប្បន្ន មិនទាន់មានរោគសញ្ញាអ្វីទេ ហើយកំពុងតែស្ថិតនៅក្នុងការតាមដាន ។
លោកប្រធាន បានបញ្ជាក់ថា ពេលនេះជនជាតិចិនទាំង០២នាក់ខាងលើបានស្នាក់នៅក្នុងសណ្ឋាគារតារាសាគរ ដោយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងតំណាងក្រុមហ៊ុនយូញៀន បានឱ្យពួកគាត់ស្នាក់នៅដាច់ដោយឡែក ដោយមិនអនុញ្ញាតអោយចេញទៅក្រៅមួយរយៈសិន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញធ្វើការពិនិត្យតាមដានបន្ត ។
សំឡេង ៖ នៅខេត្តកោះកុងនេះ ដោយសារមានអ្នកធ្វើដំណើររួមជាមួយអ្នកមានជំងឺកូរ៉ូណានៅខេត្តព្រះសីហនុ គឺគាត់បានមកសម្រាកនៅស្រុកគីរីសាគរចំនួនពីរនាក់ឪពុកកូន ដែលជាជនជាតិចិនមកពីទីក្រុងអ៊ូហាន ខេត្តហ៊ូបេ បានរួមដំណើរអង្គុយនៅក្បែរគ្នា ហើយធ្វើឲ្យភ្ញៀវមានការភិតភ័យដែលគាត់បានមកសម្រាកនៅសណ្ឋាគារស្រុកគីរីសាគរខេត្តកោះកុងនេះ អញ្ចឹងគាត់ចេះតែមានការភ័យបារម្ភ។ហើយយើងបានពិនិត្យតាមជំនាញបច្ចេកទេសគឺគាត់អត់មានកើតអីទាំងអស់មកដល់ម៉ោងនេះ គឺគាត់ធម្មតា ហើយយើងបានផ្ដល់ឧបករណ៍វាស់កំដៅឲ្យគាត់មួយ ដើម្បីឲ្យគាត់មើលខ្លួនឯង ដោយសារគាត់បារម្ភគាត់ភ័យខ្លួនគាត់ទេ មកដល់ពេលនេះគឺគ្មានបញ្ហាអ្វីទាំងអស់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាលបានរកឃើញអ្នកជម្ងឺដែលបាលឆ្លងជម្ងឺរលាកសួតប្រភេទថ្មីដោយវីរុសកូរ៉ូណានេះ ឈ្មោះ ចា ជិនហួរ ភេទប្រុស អាយុ ៦០ឆ្នាំដែលចាកចេញពីខេត្តហ៊ូបេ សាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ខែមករា ៕