អាជ្ញាធរស្រុកសេសានស្ថាបនាផ្លូវថ្មីមួយខ្សែបន្ថែម នៅភូមិហាងសាវ៉ាត

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែង ចាប់ផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិហាងសាវ៉ាតដែលជាភូមិមានវ័យចំណាស់ជាងគេនៅក្នុងស្រុនេះ ដើម្បីឈានទៅរៀបចំឱ្យមានរមណីយដ្ឋានទេសចរណ៍នៅក្នុងភូមិផងដែរ នៅឆ្នាំ២០២០នេះ។

ក្នុងឱកាសចុះពិនិត្យសកម្មភាពស្ថាមនាផ្លូវគ្រួសក្រហមនៅ ភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៨ ខែមករា លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ស្រុកបានប្រើប្រាស់ថវិកាមូលនិធិជិត១០០លានរៀល បើកការស្ថាបនាផ្លូវថ្មីនៅក្នុងភូមិបន្ថែម ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះនៅតំបន់នេះពួកគាត់មិនទាន់មានផ្លូវចេញចូលទំនាក់ទំនងគ្នាទេ។ លោកថា៖ជាមួយនេះអាជ្ញាធរស្រុក ធ្វើការជួសជុលផ្លួវនៅតាមភូមិនេះចំនួន២កន្លែងផ្សេង ទៀតសរុបមានប្រវែងជាង៥គីឡូម៉ែត្រ ដើម្បីដោះភាពលំបាកនៅក្នុងខែវស្សាដើម្បីជួយដល់ប្រជាកសិករដឹកសម្ភារៈកសិកម្មទៅស្រែចំការផង និងបាននាំយក កសិផលមកវិញបានងាយស្រួលផង។
លោកស្រី ខាវ ខាំអន មេឃុំសាមឃួយបានគាំទ្រចំពោះការអភិវឌ្ឍន៍ឱ្យមានផ្លូវល្អព្រោះភូមិនេះជាភូមិមានវ័យចំណាស់ជាងគេនៅខេត្តស្ទឹងត្រែងដែលខាងក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈនិងមន្ទីរទេសចរណ៍ខេត្តបានរៀបចំរមណីយដ្ឋានបែបវប្បធ៌មនៅភូមិនេះដែរ ព្រោះមានទួលប្រាសាទចំនួន២កន្លែងនិងស្រះទឹកបុរាណផងដែរ។
លោកខាំវ វ៉ន មេភូមិហាងសាវ៉ាតក៍បានសាទរចំពោះ មានផ្លូវថ្មី ក្នុងភូមិនេះដែរ ព្រោះកន្លងមកប្រជាពលរដ្ឋខាង ស្រែតាប៉ានប៉ែកខាងទន្លេសាកុង មកភូមិហាងសាវ៉ាតប៉ែកខាងទន្លេសាសាន ពិបាកទំនាក់ទំនងគ្នា ដែលត្រូវចំណាយពេលវេលាច្រើន ដោយ ប្រើប្រាស់ទូក បើកវាងឆ្ងាយ។ លោកថា៖ក្រោយមានផ្លូវនេះនិងបានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋនៅភូមិស្រែតាប៉ាននិងហាងសាវ៉ាត បានងាយស្រួលទៅទទួលយកសេវាសាធារណៈនៅសាលាឃុំនិងទីរួមស្រុកបានឆាប់រហ័សផងដែរ។
សូមបញ្ជាក់ថា៖ ផ្លូវ ថ្មីនេះមានវ្រវែងជិត២គីឡូម៉ែត្រទទឹង៦ម៉ែត្រកាត់តាមភូមិហាងសាវ៉ាតចេញពីចំណុច វត្តហាងសាវ៉ាត នៅប៉ែកទន្លេសេសាន តភ្ជាប់ទៅប៉ែកខាងទន្លេសេកុង ភូមិស្រែតាប៉ាន ដែលមានប្រជាពលរដ្ឋរស់នៅសរុប ជាង៤០០គ្រួសារដែលទទួលផលប្រយោជន៍ពីផ្លូវនេះ៕