ក្រសួងការងារ ជំរុញទីភ្នាក់ងារបញ្ជូនពលករបង្កើនកិច្ចគាំពារពលករនៅក្រៅប្រទេស

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

MC ៖ ក្រសួងការងារ ជំរុញឲ្យសមាគមភ្នាក់ងារបញ្ជូនពលករ បង្កើនកិច្ចគាំពារពលករកម្ពុជានៅក្រៅប្រទេសឲ្យកាន់តែមានភាពល្អប្រសើរ ដើម្បីធានាដល់សុខសុវត្ថិភាពនិងឧត្តមប្រយោជន៍របស់ពលករ ចំណាក់ស្រុក ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសពលករឯកជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ណែនាំឲ្យសមាគមន៍ដែលបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ និងជួយលើកកម្ពស់ការគាំពារសិទ្ធិនិងផលប្រយោជន៍សុខភាព សុវត្ថិភាពការងារ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ។
ឯកឧត្តមបណ្ឌិត បន្តទៀតថា រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់ ក្នុងការស្វែងរកការងារជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើការងារនៅក្រៅប្រទេស ឲ្យទទួលបានប្រាក់ឈ្នួលខ្ពស់ ទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសានិងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ និងបានដាក់ចេញគោលនយោបាយ និងយន្តការគាំពារពលករទេសន្តរប្រវេសន៍ប្រកបដោយជោគជ័យ ។
សំលេង ៖ ក្នុងរយៈពេលជាមួយគ្នានេះដែរ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើដល់សមាគមទាំង២សហការគ្នាឲ្យបានស្អិតល្មួត និងសមាជិកទីភ្នាក់ងារជ្រើសរើសពលករទាំងអស់ដោយធ្វើយ៉ាងណាផ្ដល់នូវការការពារសុវត្ថិភាព សុខមាលភាពសង្គម ដល់ពលករធ្វើការនៅក្រៅប្រទេសឲ្យបានជាអតិបរមា ផ្ដល់សេវាធានារ៉ាប់រងដល់ពលករ និងការធានាគ្រោះថ្នាក់ ឬការដោះស្រាយវិវាទរវាងនិយោជក ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនពលករទៅបម្រើការងារនៅក្រៅប្រទេសបានចំនួន៦ប្រទេសរួមមាន ៖ ទី១ ប្រទេសថៃ ទី២ សាធារណរដ្ឋកូរ៉េ ទី៣ ម៉ាឡេស៊ី ទី៤ ជប៉ុន ទី៥ សឹង្ហបូរី និងទី៦ ហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់ ជាពិសេនៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ៕