ក្រសួងការងារបង្កើនការពង្រីកប្រព័ន្ធគាំពារសង្គមប្រកបដោយសមធម៌សង្គម

វិទ្យុជាតកម្ពុជាអត្ថបទ៖ជួន បូណា

MC៖ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនការអភិវឌ្ឍ និងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយសាមគ្គីធម៌ និងសមធម៌សង្គម ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គមពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជំរុញការដាក់ឱ្យដំណើរការផ្នែកប្រាក់សោធន ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធនិងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់បេឡាជាតិសន្តិសុខសង្គម ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ និងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយសាមគ្គីធម៌ និងសមធម៌សង្គម សម្រាប់ប្រជាពលរដ្ឋ ដើម្បីបង្ការហានិភ័យហិរញ្ញវត្ថុ ធានាស្ថិរភាព និងចីរភាពប្រាក់ចំណូល និងការងារលើកកម្ពស់សុខភាពល្អជាសកល និងកាត់បន្ថយវិសមភាពក្នុងសង្គម។
ឯកឧត្តមបានបន្ដថា ការបង្កើនការអភិវឌ្ឍនិងពង្រីកប្រព័ន្ធគាំពារសង្គមនេះ ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ដើម្បីឈានទៅរកប្រព័ន្ធមួយ ដែលផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋដែលមានជីវិតគុណភាពកាន់តែល្អ ការពង្រីកកិច្ចគាំពារសង្គមកាន់តែទូលំទូលាយ និងការអភិវឌ្ឍជំនាញនិងសមត្ថភាពកាន់តែខ្ពស់ឡើង។
ជាមួយគ្នានេះ ឯកឧត្តមលើកទឹកចិត្តឲ្យមន្ត្រី ខិតខំសិក្សាស្វែងយល់ ពីគោលការណ៍អនុវត្តន៍របបសន្តិសុខសង្គមជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសជាដៃគូអភិវឌ្ឍន៍ដទៃទៀតដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗសម្រាប់បំពេញបន្ថែមលើការងារដែលមានស្រាប់ដូចជាការកែលំអរការ អនុវត្តរបបសន្តិសុខសង្គមរបស់យើងឱ្យកាន់តែប្រសើរ។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គមមានប្រសាសន៍ថា ច្បាប់ស្តីពីរបបសន្តិសុខសង្គមដែលបានប្រកាសដាល់ឱ្យប្រើរួចហើយ គ្របដណ្តប់បួនផ្នែករួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងាររួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រនិងអ្នកបម្រើក្នុងផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍៕