ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅសិង្ហបុរីកើនដល់៧នាក់

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង
តាមប្រភពពីក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា សិង្ហបុរីទើបរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៧នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ក្រសួងសុខាភិបាលសិង្ហបុរីបានអះអាងថា បានរកឃើញការឆ្លងវីរុសកូរ៉ូណាថ្មីមានប្រភពមកពីប្រទេសចិនចំនួន ០២ករណីបន្ថែមទៀតដែលអ្នកជំងឺទាំងពីរនាក់នោះជាជនជាតិចិន មកពីទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei)។សេចក្តីរាយការណ៍បន្តថា មានបុរសម្នាក់អាយុ ៥៦ឆ្នាំ បានមកដល់សិង្ហបុរីកាលពីថ្ងៃទី១៩ ខែមករា និងចាប់ផ្ដើមក្អកខ្លាំងនៅថ្ងៃទី២៥ ខែមករា ខណៈបុរសម្នាក់ទៀតមានអាយុ ៣៥ឆ្នាំ មកដល់សិង្ហបុរីកាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ហើយមានអាការៈគួរឱ្យសង្ស័យនៅថ្ងៃទី២៤ ខែមករា ហើយបុរសទាំងពីរនាក់នោះត្រូវបានគេធ្វើតេស្ដរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអង្ការម្សិលមិញ បើតាមរបាយការណ៍ផ្លូវការរបស់ចិន វីរុសផ្លូវដង្ហើមកូរ៉េណាប្រភេទថ្មី (2019-nCoV) បានឆ្លងដល់មនុស្សជាង៤,៥០០នាក់នៅក្នុងប្រទេសចិន និង ៥៦នាក់នៅប្រទេសផ្សេងទៀត ហើយអ្នកបាត់បង់ជីវិតទាំង១០៦នាក់ គឺសុទ្ធតែនៅក្នុងទឹកដីចិនតែម្តង៕
ប្រភព៖ សារព័ត៌មាន Channel News Asia