ក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយមិនពិតនៅលើហ្វេសប៊ុក ថាមានជនជាតិចិន ក្រុងវូហាន យ៉ាងច្រើនសន្ធឹកសន្ធាប់ បានចូលមកកម្ពុជា

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ មករានេះ ក្រសួងសុខាភិបាលកម្ពុជា បានច្រានចោលព័ត៌មានមិនពិត​របស់ អ្នកប្រើហ្វេសប៊ុក ឈ្មោះPanha Engheng ដែលបានចែករំលែកព័ត៌មាន​ពីគេហទំព័រគ្មានប្រភពច្បាស់លាស់ថា <<អាសន្នធំហើយ! ប្រជាជនវូហាន 99999លាននាក់ បានហោះមកកម្ពុជា>> ដោយបានយកឈ្មោះ ក្រសួងសុខភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាសំអាងថាជាប្រភពព័ត៌មាន។

ឆ្លើយតបនឹងការចែករំលែកព័ត៌មានមិនពិតនេះ ក្រសួងក៏បានស្នើអោយម្ចាស់គណនី បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបែបនេះ និងលប់ចោលការផ្សាយដែលយកឈ្មោះក្រសួងសុខាភិបាលទៅប្រឌិត ហើយក្រសួងព្រមានចាត់វិធានយ៉ាងម៉ឹងម៉ាត់ករណីមិនរាងចាល ។ ក្រសួងសុខាភិបាលក៏បានរំលឹកសារធារណៈជន កុំអោយជឿលើព័ត៌មានប្រឌិតបែបនេះ។

សុទ្ធារិទ្ធ, FM 96MHz