ក្រុមគ្រូពេទ្យចិនបន្ថែមទៀតត្រូវបានបញ្ជូន ទៅជួយការពារការឆ្លងមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ  ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ — ក្រុមគ្រូពេទ្យជាច្រើនទៀតកំពុងប្រញាប់ប្រញ៉ាល់ចេញទៅខេត្ត Hubei ភាគកណ្តាលរបស់ប្រទេសចិន ដើម្បីជួយដល់ការត្រួតពិនិត្យជំងឺឆ្លងកូរ៉ូណាវីរុសនៅទីនោះ។

ក្រុមបុគ្គលិកពេទ្យដែលមានចំនួន ១៣៦នាក់ មកពីមន្ទីរពេទ្យចំនួន ១២ ដែលគ្រប់គ្រងដោយគណៈកម្មការ សុខាភិបាលទីក្រុងប៉េកាំង បានធ្វើដំណើរតាមជើងយន្តហោះទៅកាន់ទីក្រុង Wuhan នៃខេត្ត Hubei កាលពីថ្ងៃចន្ទ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

លោក Li Tianshui សមាជិកក្រុមការងារមកពីមន្ទីរពេទ្យ Beijing Jishuitan បាននិយាយថា «វាមានហានិភ័យជាច្រើនដែលមិនត្រូវបានដឹងនៅខាងមុខ ប៉ុន្តែមន្ទីរពេទ្យផ្តល់ឱ្យយើងនូវការការពារវេជ្ជសាស្រ្តដ៏ល្អបំផុត»។ «យើងមានសមត្ថភាព និងមានទំនុកចិត្តដើម្បីយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះឱ្យបានឆាប់ បំផុតតាមដែលអាចធ្វើទៅបាន»។

ទីក្រុងសៀងហៃ បានបញ្ជូនបុគ្គលិកពេទ្យចំនួន ៥០នាក់ផ្សេងទៀត ទៅកាន់ទីក្រុងវូហាន តាមផ្លូវរថភ្លើងកាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីបញ្ជូនក្រុមគ្រូពេទ្យចំនួន ១៣៦នាក់រួចមកហើយកាលពី ៣ ថ្ងៃមុនថ្ងៃចូលឆ្នាំប្រពៃណីចិន។

ខេត្តកោះហៃណាននៅភាគខាងត្បូងប្រទេសក៏បានបញ្ជូនក្រុមគ្រូពេទ្យចំនួន ៤២នាក់ ទៅកាន់ទីក្រុងវូហាន ដែលជា មជ្ឈមណ្ឌលនៃការឆ្លងជំងឺនេះផងដែរ។

ខេត្តហ្វូជៀនភាគអាគ្នេយ៍ក៏បានបញ្ជូនក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាចំនួន ១៣៥នាក់ ទៅកាន់ទីក្រុងវូហានកាលពីថ្ងៃចន្ទដែរ។

ក្រុមការងារទាំងនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wuhan Tianhe នៅពេលថ្ងៃត្រង់ ហើយភ្លាមៗនោះបានចូលរួមជាមួយបុគ្គលិកពេទ្យរាប់ពាន់នាក់ផ្សេងទៀតមកពីទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹង វីរុសឆ្លងថ្មី កូរ៉ូណាវីរុស (2019-nCoV) ៕

(ប្រភព៖ Xinhua បកប្រែដោយលោក យា​ ចិន្តាខន្តី)