អាជ្ញាធរខេត្តឧត្តរមានជ័យត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដើម្បីស្វែងយល់ ពីប្រវត្តិសាស្ដ្រនៅអន្លង់វែង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ៖

អាជ្ញាធរខេត្តឧត្តរមានជ័យត្រៀមរៀបចំព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុនប្រវត្តិសាស្ដ្រលើកទី២ នៅអន្លង់វែង ដើម្បីទាញទាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឲ្យបានស្គាល់តំបន់ទេសចរណ៍បែបប្រវត្តិសាស្រ្ត និងវប្បធម៌ ដែលកំពុងតែមានការអភិវឌ្ឍ។
លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុនប្រវត្ដិសាស្ដ្រ លើកទី២ នៅអន្លង់វែងនេះនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ខាងមុខនេះ គឺដើម្បីអបអរខួប២១ឆ្នាំនៃការទទួលបានសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកអន្លង់វែងបានធ្វើសមាហរណកម្មចុងក្រោយគេនៅក្នុងឆ្នាំ១៩៩៨ ។ លោកស្រីបញ្ជាក់ថា កម្មវិធីនេះក៏ដើម្បីតម្រង់ការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋទៅលើសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន។
សំលេង៖ នៅក្នុងខែកុម្ភៈនេះគឺយើងមានរៀបចំព្រឹត្តិការណ៍រត់មារ៉ាតុង នៅខាងស្រុកអន្លង់វែង ជាលើកទី២ ព្រោះវាបានផ្តល់ផលប្រយោជន៍ច្រើន ទី១វាធ្វើឲ្យ ប្រជាពលរដ្ឋនឹងស្គាល់កាន់តែច្បាស់ថាខេត្តឧត្តរមានជ័យមានអ្វីខ្លះ ដែលបង្ហាញឲ្យគេដឹងច្បាស់ពីសក្តានុពលក្នុងខេត្ត ។ទី២គឺធ្វើឲ្យប្រជាពលរដ្ឋចងចាំនូវតំនប់ប្រវត្តិសាស្រ្តនៅក្នុងស្រុកអន្លង់វែង ដែលយើងបានធ្វើសមាហរណកម្មកាលពីឆ្នាំ១៩៩៨ឲ្យមានការចងចាំជារៀងរហូត ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍និងទី៣គឺអាចធ្វើឲ្យមានការកើនឡើងនៅសេវាកម្មមួយចំនួនដែលអាចធ្វើឲ្យម្ចាស់អាជីវកម្មនៅក្នុងខេត្តគាត់មានការរីកចម្រើនដោយសារតែនៅពេលដែលយើងមានបង្កើតព្រឹត្តិការណ៍អ្វីមួយប្រជាពលរដ្ឋអាចរកចំណួលបានពីការលក់ម្ហូបអាហារ ជាពិសេសក៏អាចទាញអ្នកវិនិយោគមកបណ្តាក់ទុនផងដែរ។
លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានឲ្យដឹងទៀតថា ក្នុងព្រឹត្តិការណ៍កីឡាដើម្បីស្វែងយល់ពីប្រវត្តិសាស្ដ្រនៅអន្លង់វែងការចូលរួមរៀបចំពីអាជ្ញាធរខេត្តស៊ីសាកេត និងបណ្ដាស្រុកជាប់ព្រំដែនមួយចំនួននៃប្រទេសថៃ ដើម្បីចូលរួមប្រកួតរក្សាមិត្តភាព សាមគ្គីភាព ក្នុងនាមប្រទេសជិតខាង និងខេត្តជាប់គ្នា ឲ្យប្រជាពលរដ្ឋមានទំនាក់ទំនងល្អ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាដើម្បីស្វែងយល់ពីប្រវត្តិសាស្ដ្រនៅអន្លង់វែងលើកទី២នេះ រួមមាន កីឡារត់ប្រណាំង ជិះកង់ ចំបាប់បុរាណ ល្បុក្កតោ ប្រដាល់គុនខ្មែរ និងប្រណាំងខ្នាតតូច ដោយមានអ្នកចូលរួមយ៉ាងតិច ១,៥០០នាក់ ក្នុងនោះក៏មានភាគីថៃប្រមាណ ៧៥០នាក់ដែរ ។ លើសពីនេះ ក៏មានការរៀបចំការប្រគំតន្ដ្រី និងការតាំងពិព័រណ៍ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ មានភាពអធិកអធមទៀតផង៕