ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកលេងបណ្ដាញសង្គមកុំបង្កើតឬចែករំលែកព័ត៌មានក្លែងក្លាយជុំវិញករណីជំងឺរលាកសួតប្រភេទថ្មី

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ២៨ ០១ ២០៖

ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកលេងបណ្ដាញសង្គមកុំបង្កើតព័ត៌មានក្លែងក្លាយឬបន្ដចែករំលែកព័ត៌មានក្លែងក្លាយជុំវិញករណីជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណា ដើម្បីកុំអោយសាធារណៈជនមានការភាន់ច្រលំ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំដល់អ្នកលេងបណ្តាញសង្គមហ្វេកបុក ត្រូវបញ្ឈប់ការបង្កើតសារព័ត៌មានមិនពិត ឬប្រឌិតព័ត៌មានក្លែងក្លាយតទៅទៀតជុំវិញករណីជម្ងឺរលាកសួតកូរ៉ូណា ហើយបើមានចម្ងល់ត្រូវតែសួរ ព័ត៌មានពីក្រសួងសុខាភិបាល ឬលេខទូរសព្ទ១១៥ ដែលផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង។ លោកជំទាវបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋត្រូវចេះស្វែងយល់ព័ត៌មានពិតដែលមានប្រភពច្បាស់ លាស់ចេញពីក្រសួងសុខាភិបាលឬមន្រ្តីជំនាញ ដើម្បីកុំអោយមានការភាន់ច្រលំ។

ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះក្រោយពេលដែលអ្នកលេងបណ្តាញសង្គមមួយចំនួន បានបង្កើតព័ត៌មានមិនពិត ហើយបានចែករំលែកតៗគ្នាថាមានប្រជាពលរដ្ឋខ្មែរបានឆ្លងជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណា។

ទោះជាយ៉ាងនេះក្តីកាលពីល្ងាចថ្ងៃទី២៧ ខែមករា កម្ពុជាបានរកឃើញអ្នកឆ្លងជម្ងឺកូរ៉ូណាប្រភេទថ្មីមួយករណី ប៉ុន្តែជាជនជាតិចិន បន្ទាប់ពីគេបាន ធ្វើដំណើរចេញពីតំបន់ផ្ទុះជម្ងឺនៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន។
លោកជំទាវបានអៈអាងថា ក្រសួងសុខាភិបាលគ្មានការលាក់បាំងអ្នកមានជំងឺកូរ៉ូណានៅកម្ពុជានោះទេ ប៉ុន្តែក្រសួងត្រូវតែតាមដានអោយបានម៉ត់ចត់ពីក្រុមជំនាញ ហើយក្រោយពីទទួលបានលទ្ធផលអំពីជំងឺរលាកសួតប្រភេទថ្មីភ្លាម ក្រសួងបានផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីការការពារ និងធានាដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោកជំទាវវេជ្ជបណ្ឌិត បានអំពាវឱ្យប្រជាពលរដ្ឋកុំជឿលើព័ត៌មាននៅលើបណ្ដាញសង្គមពាក់ព័ន្ធជំងឺកូរ៉ូណារលាកសួតប្រភេទថ្មីនេះ ដោយតម្រូវឲ្យតាមដានព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលមានការទុកចិត្ដ និងជាព័ត៌មានច្បាស់លាស់បំផុត។

ជាមួយគ្នានេះ លោកជំទាវ បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនអនាម័យក្នុងការរស់នៅសព្វថ្ងៃឲ្យបានខ្ពស់ ដោយធ្វើការរក្សានូវអនាម័យខ្លួនប្រាណអោយបានស្អាតល្អជានិច្ច ពិសេសការបរិភោគអាហារដែលឆ្អិនល្អ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ខែមករាអត្រាអ្នក​ស្លាប់ដោយជំងឺផ្លូវដង្ហើមឈ្មោះកូរ៉ូណានៅ​ក្នុង​ប្រទេសចិនបានកើនដល់ជាង១០០នាក់ ខណៈអត្រាអ្នកឆ្លងមេរោគនេះ កើនឡើង៤ពាន់ករណី ហើយជំងឺនេះបានរាតត្បាតទៅបណ្តាប្រទេសជាច្រើនទៀតដូចជា ថៃ អូស្ត្រាលី បារាំង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម នេប៉ាល់ កាណាដា និងកម្ពុជា៕