ប្រទេសហ្វីលីពីនបញ្ឈប់ការចេញទិដ្ឋាការដល់ជនជាតិចិនដោយសារការភ័យខ្លាច នៃ វីរុសកូរ៉ូណាថ្មី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ការិយាល័យជនអន្តោប្រវេសន៍ហ្វីលីពីន នឹងបញ្ឈប់ការផ្តល់ទិដ្ឋាការទេសចរណ៍ដល់ប្រជាជនចិនចូលមកហ្វីលីពីនដើម្បីធានាថាប្រទេសនេះមិនមានមេរោគឆ្លងផ្លួវដង្ហើមកូរ៉ូណាថ្មីនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី ២៨ ខែមករា ឆ្នាំ ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យជនអន្តោប្រវេសន៍ហ្វីលីពីនបានឲ្យដឹងថា នឹងបញ្ឈប់ការផ្តល់ទិដ្ឋាការទេសចរណ៍ដល់ប្រជាជនចិនចូលមកហ្វីលីពីនដែលវិធានការសកម្មភាពនេះដើម្បីកាត់បន្ថយការចូលមកនៃជនជាតិចិន ដែលអាចជួយរារាំងការរាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ (2019-nCov)។ការជូនដំណឹងពីការបញ្ឈប់ការចេញទិដ្ឋាការនេះមិនលឿនពេកនោះទេ ព្រោះវីរុសកូរ៉ូណាថ្មីនេះមានគ្រោះថ្នាក់និងងាយរាលដាលឆ្លងពីមនុស្សទៅមនុស្សយ៉ាងឆាប់រហ័ស ម៉្យាងទៀតជាជម្ងឺថ្មីដែលភាពស៊ាំរបស់មនុស្សមិនអាចការពារបាននៅឡើយ ខណៈអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននៅមិនទាន់ប្រាកដនៅឡើយទេថា តើវីរុសផ្លូវដង្ហើមកូរ៉ូណាដ៏កាចសាហាវដែលកំពុងវាយប្រហារប្រទេសចិន និងបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នៅមុនពេលដែលអ្នកឆ្លងនោះ មិនទាន់បញ្ចេញរោគសញ្ញាអ្វីដែរ ឬមួយក៏អត់។
សូមបញ្ជាក់ថា អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង ហើយបណ្តាប្រទេសផ្សេងទៀតមិនទាន់មានករណីស្លាប់នៅឡើយ៕
ប្រភព៖សារព័ត៌មាន Channel News Asia