ចូលឆ្នាំចិននៅខេត្តក្រចេះទទួលបានភ្ញៀវទេសចរកើនឡើងជាង៧០ភាគរយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 28,01,2020 ៖

នាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២០នេះ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរកើនឡើង ជាង៧០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលធ្វើឲ្យសេវាកម្មទេសចរនិងសហគមន៍ទេសចរណ៍ទទួលបានប្រាក់ចំណូលជាច្រើន ។

លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ថា រដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ខេត្តក្រចេះបានស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួន ១០.២៦៤នាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួនតែ៥.៧៨៣នាក់ មានការកើនឡើង៤.៤៨១នាក់ ស្មើនឹង ៧៧,៤៨ភាគរយ ។

លោកបានបន្តថា ភ្ញៀវទេសចរជាតិដែលទៅលេងខេត្តក្រចេះមានចំនួន១០.០៦២នាក់ ក្នុងនោះមានភ្ញៀវទេសចររអន្តរជាតិចំនួន២០២នាក់ បើធៀបឆ្នាំ២០១៩មានចំនួនត្រឹមតែ១៩៨នាក់ គឺកើនចំនួន៤នាក់ ស្មើនឹង ២,០២ % ។

លោកបានបន្ថែមទៀតថា ការកើនឡើងនៃភ្ញៀវទេសចរមកទស្សនាខេត្តក្រចេះនេះ គឺដោយសារកត្តាសុខសន្តិភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតគោលដៅទេសចរណ៍ថ្មីៗ និងការត្រៀមលក្ខណៈទុកជាមុនរបស់មន្ទីទេសចរណ៍ខេត្ត រួមទាំងការពង្រឹងគុណភាពសេវាកម្ម និងសុខសុវត្ថិភាពតាមគោលដៅទេសចរណ៍នានា ជាពិសេសគឺសក្តានុពលទាក់ទាញនៃធនធានទន្លេមេគង្គ ។

កត្តាមួយចំនួនដែលធ្វើឲ្យមានការកើនឡើងភ្ញៀវទេសចរមកលេងកម្សាន្តខេត្តក្រចេះ ជាពិសេសទេសចរណ៍ក្នុងស្រុកយើងឃើញកត្តាមួយចំនួនដែលគួបផ្សំ នាំឲ្យមានការកើនឡើងនេះទី១គឺបញ្ហាសុខសន្តិភាពដែលបងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេសបងប្អូនដែលមានខ្សែស្រឡាយចិន អាចដើរលេងបានគ្រប់គោលដៅទេសចរណ៍ទាំងអស់មិនថាតែខេត្តក្រចេះទេ អញ្ចឹងទេគាត់អាចដើរលេងបានដោយធានាបាននៅសុខសុវត្ថិភាព ពីការធ្វើដំណើររបស់ពួកគាត់ ពិសេសនៅក្នុងខេត្តក្រចេះយើងគឺរដ្ឋបាលខេត្តក្រចេះបានរៀបចំនៅកងកម្លាំង ក៏ដូចជាអាជ្ញាធរពាក់ពន្ធ័ផ្សេងៗជាពិសេសប្រជាការពារនៅតាមមូលដ្ឋាននិងបងប្អូនប្រជាសហគមន៍តាមមូលដ្ឋានធ្វើយ៉ាងមិចធានានូវសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលមកទស្សនានៅក្នុងខេត្តក្រចេះឲ្យបានល្អប្រសើរ ។

លោកប្រធានសន្យាថា នឹងនៅតែបន្តចុះពង្រឹងសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងកែលម្អតំបន់ទេសចរណ៍នានានៅទូទាំងខេត្ត ឲ្យកាន់តែល្អប្រសើរលើសដើម ដើម្បីទាក់ទាញភ្ញៀវឲ្យទៅលេងខេត្តនេះបានកាន់តែច្រើនបន្ថែមទៀត ។

សូមបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងធម្មជាតិក្នុងខេត្តក្រចេះ មានចំនួន១៨កន្លែងហើយទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងពិធីបុណ្យជាតិធំៗ ពិធីបុណ្យចូលឆ្នាំជនជាតិចិន-វៀតណាម និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕