អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាធ្វើទិវាកសិករស្តីពីការអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ(ស្រូវត្រយ៉ង)

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖


ក្នុងកម្មវិធីអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនៅសាលាឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោកម៉ាកសុភាព ប្រធានអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាបានបញ្ជាក់ថា៖អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាជ្រើសរើសយកភូមិគោលដៅចំនួន៣បន្ថែមទៀតនៅក្នុងឆ្នាំនេះដើម្បីឱ្យកសិករចូលរួមបង្កបង្កើនផលស្រូវត្រយ៉ង។ លោកបន្តថាចាប់ពីឆ្នាំ២០១៧មកដល់ឆ្នាំ២០១៩គម្រោងអនុវត្តបាន៤ភូមិរួចមកហើយដែលមានកសិករ៣៨៤គ្រួសារចូលរួមក្នុងនោះ២៥៦គ្រួសារបានយកស្រូវត្រយ៉ាងមកលក់សរុបបាន១៨២តោន ហើយគម្រោងបង្កើនតម្លៃទិញក្នុងមួយគីឡូក្រាមរហូតដល់ទៅ ១៨៥០រៀលនៅក្នុងឆ្នាំនេះ។
លោកផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានគាំទ្រគម្រោងអនុវត្តស្រូវមិត្តភាព(ស្រូវត្រយ៉ង)នេះព្រោះវាបានជួយបង្កើនសេដ្ឋកិច្ចដល់គ្រួសារកសិករ ដូចនេះស្នើឱ្យអង្គការជិវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងដាក់បញ្ចូលឃុំស្រែសំបូរមួយទៀតទៅក្នុង គម្រោងអនុវត្តស្រូវមិត្តភាព(ស្រូវត្រយ៉ង) ដើម្បីបង្កើនការនាំចេញស្រូវពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងឱ្យបានច្រើននៅឆ្នាំ២០២០។
លោកដួង ពៅ អភិបាលរង ខេត្តស្ទឹងត្រែង សូមឱ្យកិច្ចសហការ នេះដំណើរការទៅល្អ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលមិនស្ថិននៅក្នុងគម្រោងក៍ដោយសូមនាំគ្នាំបង្កបង្កើនផលស្រូវត្រយ៉ងឱ្យបានច្រើន ព្រោះយើងមានទីផ្សាទិញត្រឹមត្រូវ តាមរយៈគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។
លោក ណយ ខុង មេឃុំ ព្រែកមាសស្រុកឮសៀមប៉ាងបានអះអាងថា៖នៅឃុំព្រែកមានមានប្រជាពលរដ្ឋក្នុងភូមិចំនួន៤កំពុងអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃដូចជាភូមិខិះស្វាយ-ខិះក្រោម-ពងគ្រៀល និងភូមិ-ខាំភោគ។ចំណែកនៅឃុំថ្មកែវមានភូមិញាំងស៊ុម-ផាបាង និងភូមិ-ឡាកាយ។
សូមបញ្ជាក់ថា៖អង្គការជីវិតស្លាបអន្តរជាតិប្រចាំកម្ពុជា (BirdLife) ជាអង្គការអភិរក្សធនធានធម្មជាតិដែលមានគម្រោងបី សំខាន់ៗ ទី១ គំរោងជីវៈចំរុះ ផ្តោតលើការសិក្សាស្រាវជ្រាវទិន្នន័យសត្វបក្សីដែលជិតផុតពូជ ដូចជា សត្វត្រយ៉ងយក្ស ត្រយ៉ងចង្កំកស សត្វត្មាតភ្លើង ត្មាតផះ ត្មាតត្នោត និងសត្វបក្សីកំរ ក៏ដូចជាសត្វជិតផុតពូជផ្សេងៗទៀត ។ ទី២ គំរោងជីវភាពសហគមន៏ ដែលបានជួយសហគមន៏ឲ្យមានជីវភាពប្រសើរឡើង តាមរយៈ គំរោងចាក់វ៉ាក់សាំងគោក្របី គំរោងស្តាត្រាពាំងឡើងវិញ គំរោងចិញ្ចឹមគោ និងជាពិសេសការផ្តល់ជូនប្រជាកសិករនូវគំរោងស្រូវត្រយ៉ង ដែលគំរោងនេះបានផ្តល់ជូនកសិករនូវការបណ្តុះបណ្តាលបច្ចេកទេស ការផ្តល់ពូជ និងទទួលទិញស្រូវពីប្រជាកសិករដែលបានចូលជាសមាជិកស្រូវត្រយ៉ង វិញ ក្នុងតម្លៃខ្ពស់ជាងទីផ្សាដល់ទៅ៥០%ក្នុងមួយគីឡូក្រាម។
ទី៣ គំរោងអនុវត្តច្បាប់ អង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានផ្តល់ការគ្រាំទ្រ ដល់ការអនុវត្តច្បាប់ការពារព្រៃឈើនិងសត្វព្រៃ ដែលអនុវត្តដោយមន្រ្តីជំនាញរបស់ដែនជំរកសត្វព្រៃសៀមប៉ាងនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្នុងគោលបំណងទប់ស្កាត់រាល់បទល្មើសព្រៃឈើនិងសត្វព្រៃគ្រប់ប្រភេទ ដែលកើតមានក្នុងដែនជម្រកព្រៃឈើសៀមប៉ាងក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលមានផ្ទៃដីជាង១៣ម៉ឺនហិចតា។