ក្រសួងអប់រំណែនាំការអនុវត្តវិធានការបង្ការជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន

វិទ្យុជាតិកម្ពុជា៖ ស្រីផល៖

ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំការអនុវត្តវិធានការ បង្ការជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនខណៈដែលជំងឺនេះបន្តរាតត្បាតដល់បណ្តាប្រទេសជុំវិញពិភពលោក ពិសេសចាប់ផ្តើមកើតមាននៅកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា សាធារណៈនិងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំនិងអ្នកសិក្សា ឱ្យអនុវត្តនូវវិធាន ការដូចជា ចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើមស្រួចស្រាវ ដែលមានអាការដូចជាគ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ និងត្រូវរក្សាចម្ងាយច្រើនជាងមួយម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាទាំងនេះ។ ជៀសវាងទៅទីផ្សារលក់សត្វរស់ ឬទៅកសិដ្ឋានចិញ្ចឹមសត្វ ឬប៉ះពាល់សត្វព្រៃ
ឬទៅកន្លែងដែលសង្ស័យថាមានមេរោគឆ្លង។ ជៀសវាងការខាកស្តោះក្នុងបន្ទប់សិក្សា ទីធ្លាគ្រឹះស្ថានសិក្សា និងទីសាធារណៈចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់ បន្ទាប់ពីប៉ះពាល់សត្វ និងផលិតផលសត្វ សត្វឈឺ សាច់ខូចគុណភាព កាកសំណល់សត្វ ទឹកសរីរៈសត្វនិងវត្ថុប្រើប្រាស់ក្នុងផ្សារ ឬវត្ថុប្រើប្រាស់ផ្សេងៗ របស់អ្នកជំងឺផ្លូវដង្ហើម ត្រូវលាងដៃឱ្យបានទៀងទាត់ និងញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬទឹកអាល់កុល បន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយអ្នកមានអាការដូចជា គ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពមេរោគ ឬនៅពេលឃើញដៃកខ្វក់ ឬប្រឡាក់ ឬក្រោយពីប៉ះពាល់សត្វ និងត្រូវលាងសម្អាតដៃភ្លាមជាមួយ សាប៊ូនិង ទឹកស្អាត ឬទឹកអាល់កុល ក្រោយពីក្អក ឬកណ្តាស់ ត្រូវលាងដៃបន្ទាប់ពីមានប៉ះជាមួយសំបោរ ឬទឹករំអិលពីផ្លូវដកដង្ហើម។ ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាតសុវត្ថិភាពចំណីអាហារ ដោយបរិភោគអាហារដែលឆ្អិនល្អពិសេសសាច់និងស៊ុត។ ចំពោះអ្នកចម្អិនអាហារត្រូវប្រើប្រាស់្រជុ្រញនិងកាំបិតផ្សេងគ្នាសម្រាប់អាហារឆៅ និងអាហារឆ្អិន និងលាងដៃនៅចន្លោះពេលចាប់កាន់អាហារឆៅ និងអាហារឆ្អិន។ អ្នកមានអាការក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់និងច្រមុះ ដោយប្រើកន្សែងក្រមា ក្រដាស ឬយ៉ាងហោចណាស់ត្រូវប្រើគន្លាក់កែងដៃជំនួសបាតដៃ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ប្រសិនបើមានសិស្សដែលមានអាការដូចជា គ្រុនក្តៅ ក្អក កណ្តាស់ផ្តាសាយហៀរសំបោរ ឬឈឺបំពង់ក ត្រូវជូនដំណឹងទៅអ្នកអាណាព្យាបាលដើម្បីបញ្ជូន
ទៅរកសេវាព្យាបាលឱ្យបានទាន់ពេលវេលា និងត្រូវអនុញ្ញាតឱ្យសម្រាកពីការសិក្សារហូតដល់ជាសះស្បើយ។ ប្រសិនបើសង្ស័យថាមានជំងឺរលាកសួតប្រភេទវីរុសកូរ៉ូណាថ្មី (2019-nCoV)
ដោយមាន កំដៅខ្លួន ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិច ដូចជាក្អកហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ឬអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាល់ មិនដឹងពីអត្តសញ្ញាណ ឬប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុងពេល ១៤ថ្ងៃមុនចេញរោគសញ្ញា ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥។
សូមបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នេះបានធ្វើឡើងក្នុងគោលបំណងជំរុញការអនុវត្តវិធានការ បង្ការទប់ស្កាត់ជំងឺនេះ ស្របតាមសេចក្តីអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។