រដ្ឋបាលរាជធានីភ្នំពេញប្រកាសបញ្ចៀសផ្លូវចរាចរក្នុងអំឡុងពេលប្រារព្ធពិធីក្បួនព្រះទីនាំងហែព្រះសពសម្តេចធម្មលិខិតលាស់ឡាយ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កិនកា ២៨.មករា.២០២០៖

រដ្ឋបាលរាជធានីភ្នំពេញប្រកាសដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបញ្ចៀសផ្លូវចរាចរក្នុងអំឡុងពេលប្រារព្ធពិធីក្បួនព្រះទីនាំងហែព្រះសពសម្តេចធម្មលិខិតលាស់ឡាយសម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជាខាងមុខនេះដើម្បីឱ្យពិធីនេះបានប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសកាត់បន្ថយបាននូវការកកស្ទះចរាចរ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នឹងរៀបចំក្បួនព្រះទីនាំង ហែព្រះសពសម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ប្រធានថេរសភាព្រះពុទ្ធសាសនានិងជាព្រះចៅអធិការវត្តសន្សំកុសល ចេញពីវត្តសន្សំកុសល ទៅកាន់វិមានឯករាជ្យ ដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង០៦ព្រឹក។
រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ផ្លូវលេខ៣៣BT មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១)មហាវិថីព្រះមុនីវង្ស (បញ្ច្រាសស្របស្ពានអាកាសក្បាលថ្នល់) មហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) មហាវិថីព្រះសីហនុ (ផ្លូវលេខ២៧៤) មហាវិថីសម្តេចសុធារស (ផ្លូវលេខ៣) វិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០)វិថីឧកញ៉ា ស៊ូ ស៊្រុន (ផ្លូវលេខ៧) ចាប់ពីវេលាម៉ោង០៦ព្រឹករហូតដល់បញ្ចប់កម្មវិធី។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ដែលធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវខាងលើ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍៕