រដ្ឋមន្រី្តក្រសួងសុខាភិបាលប្រកាសថា រកឃើញជំងឺរលាកសួតប្រភេទថ្មីមួយករណីនៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជាអត្ថបទ៖
MC: រដ្ឋមន្រី្តក្រសួងសុខាភិបាលណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរលាកសួតប្រភេទថ្មីខណៈរកឃើញមួយករណីនៅខេត្តព្រះសីហនុ
ដើម្បីការពារកុំអោយឆ្លងឬការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះនៅកម្ពុជា។

ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងនៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃ២៧ ខែមករានេះថា ក្រសួងបានរកឃើញអ្នកជម្ងឺរលាកសួតដោយមេរោគកូរ៉ូណាប្រភេទថ្មី ១ករណី នៅខេត្តព្រះសីហនុ បន្ទាប់ពីរូបគេបានធ្វើដំណើរចាកចេញនៅទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ដែលជាកន្លែងផ្ទុះជម្ងឺរលាកសួតប្រភេទថ្មីនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា មកដល់ពេលអ្នកជម្ងឺនោះ មានស្ថានភាពធម្មតាទេគ្រាន់តែផ្តាសសាយប៉ុណ្ណោះ ហើយត្រូវបានសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកពីគេ។ ចំណែកក្រុមគ្រួសារអ្នកជម្ងឺចំនួន៣នាក់ទៀត ក៏បានដាក់អោយរស់នៅដាច់ដោយឡែកពីគេ ហើយតាមដានពី ស្ថានភាពសុខភាព។ បន្ថែមពីនេះទៀតក្រសួងក៏ដូចជាអាជ្ញាធរដែនដី កំពុងស្រាវជ្រាវអ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកជម្ងឺ ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅខេត្តពហរះសីហនុ ដើម្បីតាមដានទប់ស្កាត់កុំអោយជម្ងឺនេះរីករាលដាលនៅកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងនឹងបង្កើនការអប់រំដល់ប្រជាពលរដ្ឋនិងវិធានការណ៍កាពារជាច្រើនទៀត ដើម្បីទប់ស្កាត់កុំអោយជម្ងឺនេះរាតត្បាតនៅកម្ពុជា។
ឯកឧត្តមបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនអនាម័យក្នុងការរស់នៅសព្វថ្ងៃឲ្យបានខ្ពស់ ដោយធ្វើការរក្សានូវអនាម័យខ្លួនប្រាណអោយបានស្អាតល្អជានិច្ច ហើយត្រូវប្រើទឹកល្អស្អាតសំរាប់សម្អាតដៃជាមួយសាប៊ូអោយបានញឹកញាប់ក្នុងមួយថ្ងៃ ម៉្យាងទៀតបើសិនជាមានអាកុលរឹតតែប្រសើរក្នុងការយកមកសម្អាតដៃឲ្យបានស្អាត ចំនុចមួយទៀតគឺយើងត្រូវជៀសអោយឆ្ងាយពីអ្នកជំងឺដែលបានឆ្លងរួចដើម្បីចៀសវាងនូវការចម្លង។សំណូមពរឲ្យប្រជាពលរដ្ឋពិសារម្ហូបអាហារណាដែរឆ្អិនល្អជាពិសេសគឺសាច់គ្រប់ប្រភេទបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរអាជីវកម្មលក់ដូរទាំងអស់បង្កើនអនាម័យក្នុងការលក់ដូរដោយពាក់ម៉ាស និងស្រោមដៃជាប្រចាំ ហើយជាពិសេសហាមប៉ះពាល់សត្វផ្សេងៗនៅក្នុងព្រៃឬបក្សីជាដើម ដើម្បីបង្ការជំងឺឆ្លងមួយនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងទៀតថា ក្នុងករណីសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោមនោះមាន ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេស ចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុង ១៤ ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាល់មិនដឹងអំពីអត្តសញ្ញាណច្បាស់លាស់ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115។បន្ថែមពីនេះទៀតប្រសិនបើមានករណីសង្ស័យជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ប្រជាពលរដ្ឋអាចស្វែងរកការព្យាបាលជាបន្ទាន់នៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅជិតបំផុត ហើយត្រូវជម្រាបជូនមន្ត្រីសុខាភិបាលអំពីប្រវត្ដិជំងឺ និងប្រវត្តិនៃការធ្វើដំណើរ។
សូមបញ្ជាក់ថា អ្នកជម្ងឺដែលបាលឆ្លងជម្ងឺរលាកសួតប្រភេទថ្មីដោយវិរុសកូរ៉ូណានេះ ឈ្មោះ ចា ចិនហួរ ភេទប្រុស អាយុ ៦០ឆ្នាំ ដែលចាកចេញពីខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តព្រះសីហនុកាលពីថ្ងៃទី២៣ ខែមករា ហើយចាប់ផ្តើមឈឺនៅថ្ងៃទី២៥ខែមករា បន្ទាប់មកបានដឹងពីរោគសញ្ញាពិតប្រាកដនៅវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
គិតត្រឹមថ្ងៃទី២៧ ខែមករានេះ អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមឈ្មោះកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនដល់៨១នាក់ ខណៈអត្រាអ្នកឆ្លងមេរោគនេះ កើនឡើង២៧៤៤ករណី ហើយជំងឺនេះបានរាតត្បាតទៅបណ្តាលប្រទេសជាច្រើនទៀតដូចជា ថៃ អូស្ត្រាលី បារាំង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម នេប៉ាល់ និងកាណាដា៕